អន្តរជាតិ

តុលាការអាមេរិក បង្គាប់ឲ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្មមួយបង់ប្រាក់ ៣៥០លានដុល្លារក្រោយផ្សព្វផ្សាយថាថ្នាំបំបាត់ការឈឺចាប់ OxyContin គ្មានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់

BY
Pheakdey
February 2, 2024

អាមេរិក៖ តុលាការអាមេរិកបានបង្គាប់ឲ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្មមួយត្រូវបង់ប្រាក់ចំនួន ៣៥០លានដុល្លារ ក្រោយក្រុមហ៊ុនបានធ្វើការផ្សាយពាណិជ្ជកម្មដោយបង្ហាញថាថ្នាំបំបាត់ការឈឺចាប់មួយប្រភេទមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ពោលគឺវាគ្មានប៉ះពាល់ះអ្វីនោះទេសម្រាប់សុខភាពអ្នកប្រើប្រាស់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២ ខែកុម្ភៈនេះបានបញ្ជាក់ថា ក្រុមហ៊ុនដែលត្រូវរងនូវការពិន័យខាងលើនេះមានឈ្មោះថា Publicis Health ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបារាំង Publicis Groupe។

ប្រភពខាងលើបានបន្តថា នាពេលកន្លងមកក្រុមហ៊ុន Publicis Health បានសហការណ៍ជាមួយក្រុមហ៊ុនផលិតថ្នាំអាមេរិក Purdue Pharma ដើម្បីបង្កើតការផ្សាយពាណិជ្ជកម្មមួយអំពីថ្នាំបំបាត់ការឈឺចាប់មួយប្រភេទឈ្មោះ OxyContin។ បើតាមអ្នកស្រី Letitia James អគ្គមេធាវីប្រចាំក្រុងញូវយ៉កបានបញ្ជាក់ថា ការផ្សាយពាណិជ្ជកម្មដែលបង្កើតឡើងដោយក្រុមហ៊ុន Publicis Health គឺមានលក្ខណៈផ្ទុយទៅនឹងច្បាប់ ដោយក្រុមហ៊ុនព្យាយាមបង្ហាញតែលក្ខណៈពិសេសនិងចំណុចល្អរបស់ថ្នាំ OxyContin ខណៈយោងតាមការសិក្សាតាមបែបវេជ្ជសាស្រ្តបានរកឃើញថា នៅក្នុងថ្នាំបំបាត់ការឈឺចាប់គ្រប់ប្រភេទរួមទាំងថ្នាំ OxyContin ផងដែរ គឺអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ក្នុងករណីដែលពួកគេប្រើប្រាស់ថ្នាំទាំងនោះច្រើនលើសកំណត់ដោយពុំមានវេជ្ជបញ្ជាឬការណែនាំពីអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time 

Share This Post: