ទីបំផុត! ក្រុមគ្រួសារអ្នកបើករថយន្ត Jeep ដែលបុកកីឡាករវាយសីជម្រើសជាតិបាត់បង់ជីវិតនៅខណ្ឌទួលគោក បានយល់ព្រមសងសំណងរដ្ឋប្បវេណីចំនួន ៩៥០០០ដុល្លារ
- February 3, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍រថយន្ត Jeep បុកកីឡាករវាយសីជម្រើសជាតិម្នាក់បណ្តាលឱ្យបាត់បង់ជីវិត ដែលផ្ទុះកក្រើកពេញបណ្តាញសង្គម បានឈានដល់ដំណោះស្រាយមួយហើយ គឺភាគីក្រុមគ្រួសាររបស់អ្នកបើករថយន្ត បានយល់ព្រមសងសំណងរដ្ឋប្បវេណីចំនួន៩៥០០០ដុល្លារ។

យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ដំណោះស្រាយដែលភាគីទាំង២បានទទួលយក ដោយគ្មានការបង្ខិតបង្ខំនេះ បានធ្វើឡើងក្រោមការសម្របសម្រួលយ៉ាងប៉ិនប្រសប់របស់លោកទេសរដ្ឋមន្រ្តី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងសហការីរបស់លោក។ តាមរយៈសំណងរដ្ឋប្បវេណីនេះ ភាគីក្រុមគ្រួសាររងគ្រោះវិញ ក៏បានយល់ព្រមដកពាក្យបណ្តឹងនៅស្ថាប័នតុលាការ ហើយភាគីទាំង២នាក់ បានឯកភាពគ្នាមិនប្តឹងផ្តល់ ហើយមិនឆ្លើយឆ្លងនៅតាមបណ្តាញសង្គមតទៅទៀត។
យោងតាមកិច្ចព្រមព្រៀងជាសះលើសំណងរដ្ឋប្បវេណីរវាងភាគីទាំង២ នៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ បានបញ្ជាក់ថា ភាគីទាំង២ បានព្រមព្រៀងយល់ព្រមប្រគល់ និងទទួលសំណងរដ្ឋប្នវេណី ចំនួន៩៥០០០ដុល្លារ ដោយពុំមានការបង្ខិតបង្ខំ និងមានឆន្ទះបញ្ចប់សំណុំរឿងព្រហ្មទណ្ឌ។ នៅក្នុងនោះ ភាគីទាំង២បានសន្យាជាមួយគ្នាថា បញ្ឈប់ការឆ្លើយឆ្លងតាមបណ្តាញសង្គម ឬធ្វើសកម្មភាពណាមួយដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររវាងភាគីទាំង២ និងមិនបង្កជាបញ្ហាវិវាទណាមួយដែលនឹងអាចកើតមានឡើងទាក់ទង នឹងសំណុំរឿងនេះបន្តទៀត។
នៅក្នុងលិខិតដកពាក្យបណ្តឹងដែលដាក់ជូនប្រធានសាលាដំបូងរាជធានីភ្នំពេញ, លោក សៀង ប៊ុនហេង និងលោកស្រី គ្រុយ ឈិញលាង បានបញ្ជាក់ថា «នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយសារតែមានកិច្ចសម្របសម្រួលដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេសរដ្ឋមន្រ្តី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន យើងខ្ញុំ បានព្រមព្រៀង និងឯកភាពសះជាលើសំណងរដ្ឋប្បវេណីជាមួយក្រុមគ្រួសាររបស់ជនត្រូវចោទ ដែលបានបង្ក ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតជនរងគ្រោះឈ្មោះ សៀង គឹមហុង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ។ ដោយសារតែយើងខ្ញុំបានទទួលប្រាក់សំណងរួចរាល់ ហេតុដូចនេះ យើងខ្ញុំស្នើសុំដកពាក្យបណ្តឹងបានដាក់នៅដំណាក់កាលមន្ត្រី នគរបាលយុត្តិធម៌ និងនៅចំពោះមុខចៅក្រមស៊ើបសួរវិញ និងមិនបន្តប្តឹងផ្តល់ភាគីជនត្រូវចោទទៀតនោះទេ»។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ជនបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ដែលជាអ្នកបើករថយន្ដទំនើបម៉ាក Jeep បុកបុរសម្នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្រោយកើតមានករណីនេះ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យអ្នកបើកបររថយន្ដ Jeep ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្យស្លាប់អ្នកដទៃ និងបទរត់គេចខ្លួនប្រព្រឹត្តនៅចំណុចផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ តាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ» ៕











ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
- Share This Post:






