ព័ត៌មានជាតិ

ស្នងការខេត្តកំពត ប្រកាសជូនរង្វាន់ចំនួន ១លានរៀល ដល់អ្នកណាដែលផ្ដល់ដំណឹងឱ្យសមត្ថកិច្ចរកឃើញរថយន្ត FORD RAPTOR ស្លាកលេខ MENGPECH

BY
Khmernote Media
February 3, 2024

ខេត្តកំពត៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមគណីហ្វេសប៊ុកផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសផ្ដល់ជូនរង្វាន់ចំនួន ១លានរៀល ចំពោះបងប្អូនដែលផ្តល់ដំណឹងដល់សមត្ថកិច្ច រកឃើញម្ចាស់រថយន្តFORD RAPTOR ស្លាកលេខ MENGPECH ។

តាមរយៈការបង្ហោះឱ្យដឹងពីផេកផ្លូវការរបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសរសេររៀបរាប់ថា៖ « សូមជូនរង្វាន់ចំនួន ១លានរៀល ចំពោះបងប្អូនណាដែលផ្តល់ដំណឹងដល់សមត្ថកិច្ចរកឃើញរថយន្តដែលមានភិនភាគខាងក្រោមនេះ សូមទាក់ទងមកលេខទូរស័ព្ទនេះ 092937705 ហើយយើងនឹងរក្សាការសម្ងាត់ជូន។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឱ្យដឹងបន្ថែមថា៖ « ម្ចាស់រថយន្តFORD RAPTOR នេះ វត្ថុតាងក៏មិនយកមកប្រគល់អោយសមត្ថិកិច្ច ហើយថែមទាំងមិនចូលខ្លួនមកបំភ្លឺអោយសមត្ថកិច្ច ប្អូនមើលស្រាលច្បាប់ពេកហើយ កុំគិតថាសងសំណងរដ្ឋប្បវេណីហើយប្អូនរួចខ្លួនអោយសោះប្អូន ផល្លា សុីម៉េង រង់ចាំមើលច្បាប់អនុវត្តយ៉ាងណាជាមួយប្អូន ។ »

សូមជម្រាបជូនថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានជូនដំណឹងដល់ម្ចាស់រថយន្ត Ford ពណ៌ស ស្លាកលេខ MENGPECH ឱ្យចូលខ្លួនមកដោះស្រាយក្នុងករណីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយជនរងគ្រោះពីរនាក់​ បាត់បង់ជីវិត កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១២៖៣០នាទី នៅក្នុងភូមិសាស្ត្រស្រុកដងទង់ អោយបានឆាប់ ម្ចាស់រថយន្តមិនរួចខ្លួននោះទេ ប្រសិនបើមិនចូលខ្លួនដោះស្រាយ។ លោកឧត្តមសេនីយ៍ទោ សំណូមពរដល់បងប្អូនជួយស៊ែរអោយបានច្រើន ដើម្បីអោយម្ចាស់ឡានបានឃើញ ក្រែងមិនដឹងថាខ្លួនបានបង្កគ្រោះថ្នាក់ចរាចរណ៍ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

Share This Post: