អន្តរជាតិ

ក្រុមហ៊ុនធំមួយនៅកូរ៉េខាងត្បូងផ្តល់ប្រាក់ឧបត្ថម្ភ ៧៥,០០០ដុល្លារសម្រាប់បុគ្គលិក ដែលមានផ្ទៃពោះសម្រាលកូន

BY
Pheakdey
February 6, 2024

កូរ៉េខាងត្បូង៖ ការធ្លាក់ចុះនៃកំណើនប្រជាជនបានកំពុងតែក្លាយជាបញ្ហាសង្គមថ្មីមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយពលរដ្ឋកូរ៉េខាងត្បូងជាច្រើនបានផ្តើមមានទំនោរលែងចង់បានកូនច្រើនដូចមនុស្សជំនាន់មុនទៀត ដ្បិតការចិញ្ចឹមបីបាច់កូននៅក្នុងសម័យបច្ចុប្បន្ននេះគឺជាបន្ទុកដ៏លំបាកមួយរបស់ពួកគេ។ ដើម្បីឆ្លើយតបនឹងបញ្ហាសង្គមមួយនេះទាំងរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង និងក្រុមហ៊ុនធំៗមួយចំនួនបានដាក់ចេញវិធានការផ្តល់ប្រាក់ឧបត្ថម្ភយ៉ាងច្រើនដើម្បីលើកចិត្តពលរដ្ឋកូរ៉េខាងត្បូងយកកូនឲ្យបានច្រើននៅក្នុងគ្រួសាររបស់ពួកគេ។

ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឲ្យដឹងថា ក្រុមហ៊ុន Booyoung ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនវិនិយោគផ្នែកអចលនទ្រព្យនិងសំណង់ខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូងនោះបានផ្តល់ប្រាក់លើកចិត្តដល់បុគ្គលិកខ្លួនដែលមានកូនម្នាក់ចំនួន ១០០លានវ៉ុន (៧៥,២៩៤ដុល្លារអាមេរិក) ខណៈគោលការណ៍នេះនឹងបន្តអនុវត្តគ្រប់ចំនួនកូនដែលបុគ្គលិកម្នាក់ៗមានផងដែរ។ បើតាមលោក Lee Joong-keun ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Booyoung បានបញ្ជាក់ថា ការអនុវត្តវិធានការខាងលើនេះមិនមែជារឿងថ្មីនៅក្នុងក្រុមហ៊ុនឡើយដោយក្រុមហ៊ុនបានផ្តើមអនុវត្តចាប់តាំងពីឆ្នាំ២០២១មកម្លេះ ខណៈរហូតមកទល់នឹងពេលនេះក្រុមហ៊ុនបានផ្តល់ប្រាក់ឧបត្ថម្ភដល់ទារកចំនួន ៧០នាក់ហើយ។ ថ្លែងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ ទី៥ ម្សិលមិញនេះអគ្គនាយកវ័យ ៨៤ឆ្នាំរូបនេះបានបន្តថា ចាប់ពីថ្ងៃខែកុម្ភៈឆ្នាំ២០២៤តទៅ ក្រុមហ៊ុនក៏បានសម្រេចបន្ថែមនូវប្រាក់មួយចំ​នួនទៀតសម្រាប់គាំទ្រដល់ការសិក្សារបស់ក្មេងៗទាំងនោះនៅពេលពួកគេចាប់ផ្តើមចូលរៀនផងដែរ៕

 អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: