ប្រុសស្រី ២នាក់ ជិះម៉ូតូបង្ហោះលើដងផ្លូវ រួចបង្ហោះចែកចាយក្នុងបណ្ដាញសង្គម ដោយសរសេរថា «ចង់ឱ្យបាត់ដំបងមានតែយើងទាំងពីរនាក់» ត្រូវបានសមត្ថកិច្ចហៅមកសាកសួរហើយ
- February 6, 2024
ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានការបង្ហោះចែកចាយយ៉ាងព្រោងព្រាតក្នុងបណ្តាសង្គមនូវឃ្លីបវីដេអូ ពីការជិះម៉ូតូបង្ហោះលើដងផ្លូវ ដោយសរសេរពីខាងលើថា «ចង់ឱ្យបាត់ដំបងមានតែយើងទាំងពីរនាក់» ដែលទិដ្ឋភាពនេះបង្កឱ្យមានការរិះគន់ពីមហាជនក្នុងបណ្តាញសង្គម។

ឃើញរូបភាពនេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សធ្វើការស្រាវជ្រាវជាបន្ទាន់ចំពោះសកម្មភាពបង្កអនាធិបតេយ្យនេះ។ នៅថ្ងៃដដែលនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនគរបាលក្រុង ធ្វើការស្រាវជ្រាវរហូតនាំខ្លួនបុរសម្នាក់និងនារីម្នាក់ជាអ្នកបង្ហោះម៉ូតូមកកាន់អធិការដ្ឋានដើម្បីធ្វើការសាក សួរស្រាវជ្រាវហើយចំពោះការបង្កភាពអនាធិបតេយ្យរបស់ខ្លួន៕

- Share This Post:






