មនុស្សជាង ១០០នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារព្យុះព្រិលទឹកកកនៅក្រុងតូក្យូ ប្រទេសជប៉ុន
- BY
- Pheakdey
- February 6, 2024
ជប៉ុន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១០៩នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងថ្ងៃអង្គារ ទី៦ ខែកុម្ភៈនេះក្រោយពួកគេបានជួបគ្រោះថ្នាក់មួយចំនួនបង្កឡើងដោយសារព្យុះព្រិលទឹកកកនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលក្រុមពលរដ្ឋជប៉ុនជាង ១០០នាក់ខាងលើនេះបានជួបប្រទះច្រើនជាងគេគឺការរអិលដួលបោកទៅលើផ្លូវក្រោយបានរងនូវសម្ពាធព្យុះព្រិលទឹកកកយ៉ាងខ្លាំង។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់ថាមានពលរដ្ឋជប៉ុនណាម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាអាកាសខាងលើនេះនៅឡើយទេ។ យ៉ាងណាក្តី ព្យុះព្រិលទឹកកកបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់ការធ្វើដំណើរទាំងតាមផ្លូវអាកាស និងផ្លូវគោកនៅតាមទីក្រុងនិងតំបន់សំខាន់ៗជាច្រើនក្នុងប្រទេសជប៉ុន ដោយអាជ្ញាធរជប៉ុនបានសម្រេចលុបចោល និងពន្យាពេលជើងហោះហើរ និងរថភ្លើងជាច្រើនជើង ដែលបង្កឲ្យមានផលប៉ះពាល់ដល់អ្នកដំណើររាប់ពាន់នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






