អន្តរជាតិ

ថៃទាញសញ្ញាព្រមានពីការរាតត្បាតជំងឺគ្រុនឈាមក្រោយរកឃើញអ្នកឆ្លងជាង ៨,០០០ករណីក្នុងនោះមានអ្នកបាត់បង់ជីវិត ១៣ករណី

BY
Pheakdey
February 8, 2024

ថៃ៖ នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានទាញសញ្ញាព្រមានមួយជុំវិញករណីរាតត្បាតនៃជំងឺគ្រុនឈាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៨​​ ខែកុម្ភៈនេះ។ ការទាញសញ្ញាព្រមាននេះគឺត្រូវបានធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលថៃបានរកឃើញករណីអ្នកឆ្លងជំងឺគ្រុនឈាមរហូតដល់ ៨,១៩៧ករណីនៅក្នុងឆ្នាំ ២០២៤នេះ។

ប្រភពខាងលើបានបន្តថា​ នៅក្នុងចំណោមអ្នកឆ្លងជំងឺគ្រុនឈាមទាំងជាង ៨,០០០ករណីនោះក៏មានករណីធ្ងន់ធ្ងរចំនួន ១៣ករណី ដែលបានបណ្តាលអ្នកជំងឺត្រូវស្លាប់បាត់បង់ជីវិតផងដែរ។ បើតាមលោកវេជ្ជបណ្ឌិត Thongchai Keeratihuttayakorn អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងបានបញ្ជាក់ថា បើធ្វើការប្រៀបធៀបតួលេខអ្នកឆ្លងជំងឺគ្រុនឈាមនៅក្នុងឆ្នាំ ២០២៤នេះទៅនឹងតួលេខអ្នកឆ្លងនៅក្នុងឆ្នាំមុនគឺមានការកើនឡើងរហូតដល់ ៩១,២៥% ដោយកាលពីឆ្នាំ២០២៣កន្លងទៅនិងគិតត្រឹមខែដូចគ្នានេះនៅទូទាំងប្រទេសថៃទាំងមូលបានរកឃើញករណីអ្នកឆ្លងជំងឺគ្រុនឈាមត្រឹមតែ ៤,២៨៦ករណីប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: