អន្តរជាតិ

ម៉ាឡេស៊ីរកឃើញអ្នកកើតជំងឺគ្រុនឈាមជាង ១,៨ម៉ឺនករណីហើយក្នុងនោះមានអ្នកបាត់បង់ជីវិត ៩ករណី

BY
Pheakdey
February 8, 2024

ម៉ាឡេស៊ី៖ ការរាតត្បាតនៃជំងឺគ្រុនឈាមបានកំពុងតែក្លាយជាបញ្ហាចម្បងនៅតាមបណ្តាលប្រទេសមួយចំនួន ដ្បិតជំងឺដែលបង្កឡើងដោយសារមូសខ្លាខាំមួយនេះហាក់បានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អ្នកជំងឺ ខណៈតួលេខអ្នកឆ្លងក៏បានកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៨​ ខែកុម្ភៈនេះបានឲ្យដឹងថា ករណីអ្នកឆ្លងជំងឺគ្រុនឈាមនៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០២៤នេះបានកើនឡើងរហូតដល់ ៦៥% បើធៀបទៅនឹងឆ្នាំកន្លងទៅ។

បើតាមលោក Muhammad Radzi Abu Hassan អគ្គនាយកសុខាភិបាលសាធារណៈនៃក្រសួងសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា គិតត្រឹមខែកុម្ភៈនៃឆ្នាំ២០២៤នេះ អាជ្ញាធរសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺគ្រុនឈាមនៅទូទាំងប្រទេសចំនួន ១៨,២៤៧ករណី ខណៈគិតត្រឹមខែដូចគ្នានេះនៅក្នុងឆ្នាំ២០២៣ កន្លងទៅតួលេខអ្នកឆ្លងជំងឺគ្រុនឈាមមានត្រឹម ១១,១២៧ករណីប៉ុណ្ណោះ។ ចំពោះករណីអ្នកស្លាប់វិញក៏មានការកើនឡើងផងដែរ ដោយនៅក្នុងឆ្នាំ២០២៤នេះ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានរកឃើញអ្នកស្លាប់ដោយជំងឺគ្រុនឈាមរហូតដល់ ៩នាក់ ខណៈកាលពីឆ្នាំមុនករណីអ្នកស្លាប់មានត្រឹម ៦នាក់ប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

Share This Post: