បុរសម្នាក់ស្រវឹងស្រា បើករថយន្ដបំបុកកំលាំងនគរបាល ដែលកំពុងត្រួតពិនិត្យជាតិស្រវឹង ដោយអះអាងថា ខ្លួនមានខ្សែស្រឡាយខ្នងក្រាស់ ធ្វើការធំនៅខេត្តកំពង់ស្ពឺ
- February 9, 2024
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នាយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងចម្រុះ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានដាក់គោលដៅត្រួតពិនិត្យ អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងធ្វើតេស្តជាតិស្រវឹងពេលយប់លើផ្លូវក្រាលកៅស៊ូ នៅភូមិរកាកោង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ពេលកំពុងអនុវត្តន៍ ស្រាប់តែមានរថយន្ត០១គ្រឿងម៉ាក FORD TERRITORY TITANIUM X ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ លេខកម្ពុជា VANNAK99 បើកបរដោយឈ្មោះ ឃឹម វណ្ណៈ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិសាម៉រ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បើកយ៉ាងលឿន មកដល់គោលដៅមិនបន្ថយល្បឿន រួចទៅបុកបង្គោលសាជីភ្លើងសញ្ញាបំពាក់សម្រាប់សម្គាល់គោលដៅសមត្ថកិច្ច អូសចំងាយប្រហែលជាង១០ម៉ែត្រ។
អ្នកបើកបររថយន្ដ បានចុះមកស្រែកឡូឡា រករឿងសមត្ថកិច្ចនៅកន្លែងគោលដៅ ដោយមិនព្រមសហការជាមួយសមត្ថកិច្ចដើម្បីធ្វើការវាស់រកសាធាតុស្រវឹងដោយអះអាងថាមានបងធ្វើការធំនៅខេត្តកំពង់ស្ពឺចាំអន្តរាគមន៍ លុះដល់ម៉ោង២១៖២០នាទី ទើបព្រមសហការដោយពិនិត្យឃើញសារធាតុស្រវឹង ជាក់ស្តែងលទ្ធផល០.៩៣mg/L ក្នុងមួយលីត្រខ្យល់ បញ្ជាក់ថាជាស្រវឹងខ្ពស់ល្មើសច្បាប់។
ដោយទាក់ទងសាច់ញាតិបងប្អូនមិនបាន(ខ្សែស្រឡាយខ្នងធំ) កំលាំងបាននាំយករថយន្ដមកកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ចំណែកអ្នកបើកបរបានអោយចូលសំរាកនៅផ្ទះសំណាក់យីហោ ” សុខចាន់ធី ” រីឯបទល្មើសដែលរកឃើញ សារធាតុស្រវឹង លទ្ធផល០.៩៣mg/L ក្នុងមួយលីត្រខ្យល់ ច្បាប់ពិន័យ ជាទឹកប្រាក់ ចំនួន ២,០០០,០០០ រៀល ( ពីលានរៀលគត់ )
បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្ដនីតិវិធីលើបទល្មើសបុគ្គលខាងលើ ប៉ុន្តែខ្សែស្រឡាយខ្នងក្រាស់ មិនទាន់ចេញមុខទេ ៕



- Share This Post:






