អន្តរជាតិ

​​តួលេខអ្នកបាត់បង់ជីវិតដោយការបាក់ដីនៅហ្វីលីពីនកើនដល់ ៦៨នាក់ ខណៈអាមេរិកប្រកាសផ្តល់ជំនួយមនុស្សធម៌ ១,២៥លានដុល្លារ

BY
Pheakdey
February 13, 2024

ហ្វីលីពីន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតក្នុងហេុតការណ៍បាក់ដីនៅប្រទេសហ្វីលីពីនបានបន្តកើនឡើងដល់ ៦៨នាក់ហើយ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ​នេះ។  បើតាមអាជ្ញាធរហ្វីលីពីនបានឲ្យដឹងថា តួលេខអ្នកស្លាប់នេះមិនមែនជាតួលេខចុងក្រោយឡើយ ដ្បិតគិតត្រឹមពេលនេះនៅមានមនុស្សចំនួន ៥១នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ គួររម្លឹកជូនថា ហេតុការណ៍បាក់ដីដ៏រន្ធត់មួយនេះបានកើតឡើងតាំងតែយប់ថ្ងៃអង្គារសប្តាហ៍មុនម្លេះ ដោយគ្រោះថ្នាក់បានកើតឡើងនៅតំបន់អណ្តូងរ៉ែ Maco ដែលស្ថិតនៅក្នុងខេត្ត Davao de Oro ភាគខាងត្បូងប្រទេសហ្វីលីពីន។

ក្រោយប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះឈានចូលដល់ថ្ងៃទី៧ ហើយក្រុមអ្នកជួយសង្គ្រោះនៅតែមិនអាចរកឃើញអ្នកបាត់ខ្លួនគ្រប់ចំនួនទៀតនោះ នៅក្នុងថ្ងៃទី១៣ ខែកុម្ភៈនេះអាជ្ញាធរហ្វីលីពីនក៏បានប្រកាសផ្លាស់ប្តូរវិធីសាស្រ្តក្នុងការស្វែងរកជនរងគ្រោះផងដែរ ពោលគឺផ្លាស់ប្តូរពីការផ្តោតលើការស្វែងរកនិងជួយសង្គ្រោះ ទៅជាការស្វែងរកនិងការទាញយកគំនរបាក់បែកវិញ ឬនិយាយឲ្យងាយយល់ថា ក្រុមអ្នកជួយសង្គ្រោះនឹងប្រើគ្រប់មធ្យោបាយធ្វើយ៉ាងណាឲ្យ​តែអាចទាញយកគំនរបាក់បែកចេញមកក្រៅបាន ខណៈនាពេលកន្លងក្រុមអ្នកជួយសង្គ្រោះបានប្រើវិធីទាញយកគំនរបាក់បែងយឺតៗនិងប្រុងប្រយ័ត្នបំផុត ព្រោះខ្លាចគំនរបាក់បែកនោះធ្លាក់សង្កត់ទៅលើមនុស្សដែលកំពុងជាប់នៅខាងក្រោម។ ប្រភពខាងលើបានបន្តថា ស្ថានទូតអាមេរិកប្រចាំនៅក្នុងប្រទេសហ្វីលីពីនក៏បានប្រកាសផ្តល់ប្រាក់ជំនួយមនុស្សធម៌ចំនួន ១,២៥លានដុល្លារផងដែរ ដើម្បីជួយក្រុមជនរងគ្រោះពីហេតុការណ៍អកុសលនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: