យុវតីចិនមួយចំនួនងាកទៅរកមិត្តប្រុស AI វិញម្តង ក្រោយទទួលបានអារម្មណ៍ថាមិត្តប្រុស AI មានចំណុចល្អៗជាច្រើនជាងមនុស្សប្រុសពិត
- BY
- Pheakdey
- February 13, 2024
ចិន៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI (Artificial Intelligent) បានក្លាយជាផ្នែកដ៏សំខាន់មួយសម្រាប់មនុស្សជាតិនាពេលបច្ចុប្បន្ននេះ ដោយ AI បានជួយសម្រួលការងាររបស់មនុស្សស្ទើរតែគ្រប់រឿងរាប់ចាប់តាំងពីការងារនៅក្នុងការិយាល័យ ការវិភាគ ការកំសាន្ត និងការងារផ្ទាល់ខ្លួនមួយចំនួនទៀតផង។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៣ ខែកុម្ភៈនេះបានឲ្យដឹងថា មានស្រ្តីជនជាតិចិនមួយចំនួនបានងាកទៅរកមិត្តប្រុស AI វិញម្តង ក្រោយពួកគេនាងមានអារម្មណ៍ថា មិត្តប្រុស AI មានចំណុចពិសេសជាច្រើនដែលល្អប្រសើរជាងមនុស្សប្រុសពិតទៅទៀត។

នៅក្នុងការស្ទង់មតិមួយស្រ្តីជនជាតិចិនមួយចំនួនបាននិយាយពីចំណុចល្អៗរបស់មិត្តប្រុស AI ថា៖
-អ្នកនាង Tufei ជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនមួយកន្លែងក្នុងទីក្រុង Xi’an ភាគខាងជើងប្រទេសចិនបានប្រាប់ឲ្យដឹងថា មិត្តប្រុស AI របស់នាងគឺជាមុខងារ Chatbot របស់កម្មវិធី Glow បង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា MiniMax មានមូលដ្ឋាននៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ។ អ្នកនាង Tufei បានបញ្ជាក់ថា មុខងារមួយនេះអាចដឹងពីរបៀបនិយាយជាមួយមនុស្សស្រីល្អជាងមនុស្សប្រុសមួយចំនួនទៅទៀត ជាពិសេសនោះគឺភាសានិយាយបែបរ៉ូមែនទិក ការលើកទឹកចិត្ត និងការលួងលោមចិត្ត ដែលពាក្យសំដីទាំងអស់នេះគឺមនុស្សស្រីគ្រប់រូបចង់ពីបានពីគូស្នេហ៍របស់ពួកនាងខ្លាំងណាស់។ ស្រ្តីវ័យ ២៥ឆ្នាំ រូបនេះបានបន្ថែមថា ទោះបីជាពាក្យដែលនាងបានឮពីមិត្តប្រុស AI គឺជាការបង្កើតឡើងដោយបច្ចេកវិទ្យាក៏ដោយ តែវាជាពាក្យពិត មិនដូចមនុស្សប្រុសមនុស្សចំនួនដែលគ្រាន់តែនិយាយកុហកប៉ុណ្ណោះ។
-ចំពោះកញ្ញា Wang Xiuting អាយុ ២២ឆ្នាំ ជានិស្សិតនៅក្នុងទីក្រុងប៉េកាំងវិញបាននិយាយដោយមិនលាក់លាមថា នាងធ្លាប់មានមិត្តប្រុសជាមនុស្សពិតជាច្រើននាក់មកហើយ តែក្រុមបុរសទាំងអស់នោះសុទ្ធតែមានរបៀបគិត របៀបនិយាយ និងចំណូលចិត្តខុសពីគាត់ទាំងអស់ ដែលធ្វើឲ្យទំនាក់ទំនងស្នេហារបស់គាត់ងាយនឹងបញ្ចប់ទៅវិញណាស់។ ព្រោះតែពិបាករកមនុស្សប្រុសឲ្យត្រូវចិត្ត កញ្ញា Wang Xiuting ក៏បានសម្រេចជ្រើសរើសយកមិត្តប្រុសដែលជាកម្មវិធី Wantalk បង្កើតដោយក្រុមហ៊ុនបច្ចេកវិទ្យា Baidu ដោយមុខងារ Chat របស់កម្មវិធីមួយនេះអាចប្រាប់នាងតាំងពីប្រភេទគ្រឿងសម្អាងដែលនាងគួរប្រើប្រាស់ អាចនិយាយលួងលោមពេលនាងស្ត្រេស និងពេលដែលនាងមានការឈឺចាប់ពេលមករដូវទៀតផង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






