អន្តរជាតិ

ប៉ូលិសថៃព្រមានការពីបោកប្រាស់តាមអ៊ីនធឺណិតចំនួន ៦ករណី ដែលអាចកើតមាននៅក្នុងថ្ងៃ Valentine’s Day

BY
Pheakdey
February 13, 2024

ថៃ៖ ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតបានក្លាយជាទិន្នាការថ្មីមួយដែលធ្វើឲ្យជនរងគ្រោះជាច្រើននៅជុំវិញពិភពលោកត្រូវខាតបង់ពេលវេលានិងលុយកាក់យ៉ាងច្រើន ខណៈករណីមួយចំនួនថែមទាំងបានធ្វើឲ្យជនរងគ្រោះត្រូវស្លាប់បាត់បង់ជីវិតទៀតផង ក្រោយការឆបោកទាំងនោះបានធ្វើឲ្យប៉ះពាល់កិត្តិយសនិងផ្លូវចិត្តរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ។ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ពីការឆបោកតាមប្រព័ន្ធអ៊ីធឺណិតនៅក្នុងទិវានៃសេចក្តីស្រលាញ់ (Valentine’s Day) ដែលនឹងឈានចូលមកដល់នៅក្នុងថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ ប៉ូលិសជំនាញថៃបានធ្វើការព្រមានពលរដ្ឋខ្លួនពីល្បិចនៃការឆបោកមួយចំនួនដែលអាចកើតមានក្នុងរូបភាពផ្សេងៗដូចខាងក្រោម៖

១-បោកប្រាស់ទ្រព្យសម្បត្តិ៖ ក្រុមចោរអ៊ីធឺណិតបានប្រើប្រាស់រូបភាពជាមនុស្សស្អាតៗដើម្បីបង្កើតទំនាក់ទំនងស្នេហាក្លែងក្លាយជាមួយលោកអ្នក ហើយក្រោយពេលលោកអ្នកបាក់ចិត្តស្រលាញ់ពួកគេគឺពួកគេនឹងល្បួងឲ្យលោកអ្នកផ្ញើប្រាក់ទៅឲ្យពួកគេទាល់តែអស់ពីខ្លួន។

២-ការវិនិយោគក្លែងក្លាយ៖ ករណីខ្លះក្រុមជនខិលខូចបានបបួលលោកអ្នកឲ្យដាក់ប្រាក់វិនិយោគក្នុងគម្រោងអាជីវកម្មផ្សេងៗដោយសន្យាថានឹងផ្តល់ប្រាក់ចំណេញមកវិញយ៉ាងច្រើនសម្រាប់លោកអ្នក តែក្រោយពេលលោកអ្នកដាក់ប្រាក់វិនិយោគរួចគឺលោកអ្នកមិនអាចទាក់ទងពួកគេបានទៀតនោះទេ។

៣-ការលក់ផលិតផលក្នុងតម្លៃទាបបំផុត៖ ឆ្លៀតពេលដែលមានឱកាសពិសេសណាមួយមកដល់ក្រុមជនខិលខូចនឹងប្រើពាក្យបោកប្រាស់ថា​ លក់ទំនិញបញ្ចុះតម្លៃពិសេសមិនធ្លាប់មានសម្រាប់អបអរឱកាសពិសេសទាំងនោះដើម្បីឲ្យលោកផ្ញើប្រាក់ទៅទិញផលិតផលរបស់ពួកគេ តែក្រោយពេលទទួលបានប្រាក់រួចពួកគេក៏បិទគណនីបណ្តាញសង្គមរបស់ពួកគេចោលតែម្តង។

៤-កក់ភោជនីយដ្ឋានក្នុងតម្លៃពិសេស៖ ជារូបភាពបោកប្រាស់មួយដែលក្រុមជនខិលខូចបានប្រើប្រាស់ឈ្មោះភោជនីយដ្ឋានល្បីៗមកប្រើប្រាស់ជាមួយនិងការផ្សព្វផ្សាយថា បើលោកអ្នកផ្ញើប្រាក់មកកក់ទុកក្នុងពេលឥលូវនេះ លោកអ្នកនឹងទទួលបានការញ៉ាំអាហារយ៉ាងពិសេសក្នុងតម្លៃទៀបបំផុតជាមួយគូស្នេហ៍នៅក្នុងទិវានៃសេចក្តីស្រលាញ់។ តែជាក់ស្តែងគឺម្ចាស់ភោជនីយដ្ឋានពិតប្រាកដមិនបានដឹងអំពីរឿងនេះទេ។

៥-កក់កន្លែងស្នាក់នៅដែលរ៉ូមែនទិកបំផុត៖ ស្រដៀងគ្នាទៅនឹងចំណុចទី ៤ ដែរ​ គឺក្រុមជនខិលខូចបានប្រើប្រាស់រូបភាពបង្ហាញពីកន្លែងស្អាតៗជាច្រើនដែលធ្វើឲ្យលោកអ្នកចង់មានពេលវេលាល្អៗជាមួយគូស្នេហ៍នៅទីនោះអមជាមួយពាក្យបោកប្រាស់ថា កន្លែងមានកំណត់ អ្នកកក់មុនបានមុន អ្នកកត់ក្រោយគេអាចនឹងអស់កន្លែងជាដើម តែជាក់ស្តែងកន្លែងខ្លះគឺគ្មាននោះទេ ឬកន្លែងខ្លះមានពិតប្រាកដតែម្ចាស់ទីកន្លែងនោះមិនបានដឹងរឿងនេះទេ។

៦-ប្តូររូបភាពស្រើបស្រាល៖ ជនខិលខូចអាចល្បួង ឬផ្ញើរូបភាពនិងវីដេអូស្រើបស្រាលទៅកាន់លោកអ្នកមុនដើម្បីឲ្យលោកអ្នកទុកចិត្ត តែតាមការពិតរូបភាព និងវីដេអូនោះមិនមែនជារូបពិតរបស់ពួកគេឡើយ ហើយបន្ទាប់ពីលោកអ្នកផ្ញើរូបភាព និងវីដេអូបែបស្រើបស្រាលឬអាក្រាតកាយរបស់លោកអ្នកទៅកាន់ពួកគេវិញនោះ គឺពួកគេនឹងគំរាមទារប្រាក់ពីលោកអ្នកជាថ្នូរនឹងការមិនបង្ហោះរូបភាពនិងវីដេអូទាំងនោះជាសាធារណៈ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Nation Thailand

Share This Post: