ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រអប់ខ្មៅរបស់អាកាសចរណ៍អេត្យូពីបានបង្ហាញថា យន្តហោះនេះពិតជាមានភាពស្រដៀងគ្នានឹងការធ្លាក់យន្តហោះរបស់ឥណ្ឌូនេស៊ី

    BY autoadmin March 18, 2019
    ប្រអប់ខ្មៅរបស់អាកាសចរណ៍អេត្យូពីបានបង្ហាញថា យន្តហោះនេះពិតជាមានភាពស្រដៀងគ្នានឹងការធ្លាក់យន្តហោះរបស់ឥណ្ឌូនេស៊ី

    រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសអេត្យូពីបាននិយាយនៅថ្ងៃអាទិត្យ ទី១៧ ខែមីនា នេះថា ទិន្នន័យប្រអប់ខ្មៅដែលបានរកឃើញពីយន្តហោះអាកាសចរណ៍អេត្យូពី ដែលបានធ្លាក់កាលពីសប្តាហ៍មុនបានបង្ហាញពី «ភាពស្រដៀងគ្នាយ៉ាងច្បាស់» ជាមួយនឹងការធ្លាក់យន្តហោះដឹកអ្នកដំណើររបស់ឥណ្ឌូណេស៊ី ខណៈវាជាប្រភេទយន្តហោះដូចគ្នាផងនោះ។ បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត លោក Dagmawit Moges បានប្រាប់អ្នកសារព័ត៌មានថា ដោយសារពួកគេត្រូវការសិក្សាបន្ថែមទៀតអំឡុងពេលនៃការស៊ើបអង្កេត ហើយជាធម្មតាលទ្ធផលនឹងចេញក្នុងរយៈពេល ៣០ ថ្ងៃ។

    សេចក្តីប្រកាសនេះបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីជើងហោះហើរលេខ 302 របស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី បានធ្លាក់ទៅក្នុងវាលមួយនៅភាគអាគ្នេយ៍នៃក្រុង Addis Ababa ប៉ុន្មាននាទីបន្ទាប់ពីចេញដំណើរពីព្រលានយន្តហោះអន្តរជាតិ Bole ទៅទីក្រុង Nairobi ប្រទេសកេនយ៉ា និងបណ្តាលឱ្យអ្នកដំណើរទាំងអស់ ១៥៧នាក់ ស្លាប់។ ទាក់ទងនឹងការធ្លាក់យន្តហោះ Boeing ជាលើក ទី២ ត្រឹមរយៈពេល ៥ខែ និយ័តករអាកាសចរណ៍បានរកឃើញភាពស្រដៀងគ្នានេះ ជាមួយនឹងការធ្លាក់យន្តហោះឥណ្ឌូណេស៊ីម៉ូដែល 737 MAX 8 ដែលបានសម្លាប់អ្នកដំណើរ និងអាកាសយានិកទាំងអស់ ១៨៩នាក់។

    យន្តហោះទាំងពីរនេះត្រូវបានគេរាយការណ៍ថា មានការហោះឡើង និងធ្លាក់ចុះខុសប្រក្រតី ក៏ដូចជាល្បឿនឡើងចុះនៃយន្តហោះក៏មានភាពមិនប្រក្រតីភ្លាមៗបន្ទាប់ពីហោះហើរ។ គ្រោះមហន្តរាយនេះបានធ្វើឱ្យពិភពលោកទាំងមូលដាក់ចុះចតយន្តហោះ Boeing 737 MAX 8 ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: