តើរូបបដិមាដ៏ធំនៅក្លោងទ្វារខាងលិចទី៤ របស់ប្រាសាទអង្គរវត្ត ដែលខ្មែរយើងហៅថា ”លោកតារាជ” មានប្រវត្តិយ៉ាងណាខ្លះ?
- March 26, 2019
នាពេលសព្វថ្ងៃនេះមានរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងអបិយជំនឿ ដែលខ្មែរយើងតាំងពីបរមបុរាណបានប្រាប់តៗគ្នា ហើយអ្នកខ្លះក៏ជឿអ្នកខ្លះក៏មិនជឿទៅ។ ជាក់ស្ដែងនៅក្នុងប្រាសាទអង្គវត្ត មានរូបសំណាក់ដ៏ធំមួយ ដែលមានកំពស់ប្រហែលជាជាងបីម៉ែត្រនៅក្នុងក្លោងទ្វារខាងលិចនៃប្រាសាទ ដែលប្រជាជនខ្មែរយើងហៅថា ”លោកតារាជ” ព្រោះកាលពីដើមឡើយមានលោកតាម្នាក់ឈ្មោះរាជជាអ្នកថែរក្សា និងគោរពបូជារូបបដិមាធំមួយនេះ បន្ទាប់ពេលរូបគាត់ស្លាប់ទៅ ក៏ប្រជាជនខ្មែរមានជំនឿថាព្រលឹងនៅថែរក្សានៅក្នុងរូបបដិមានេះ។ ដូច្នេះហើយបានជាខ្មែរយើងបានហៅរូបបដិមាដ៏ធំនេះថា ”លោកតារាជ” និងគោរពបូជារហូតមកដល់សព្វថ្ងៃ។
តាមពិតទៅរូបបដិមានេះមានប្រវត្តិចាប់តាំងពីប្រាសាទអង្គរវត្តត្រូវបានចាប់ផ្តើមសាងសង់មកម្ល៉េះ ហើយរូបបដិមានេះគឺតំណាងអោយរូបព្រះវិស្ណុដៃប្រាំបី ព្រោះប្រាសាទអង្គរវត្តបានសាងសង់ឡើងដោយស្តេចសូរ្យវរ្ម័នទី២ ហើយព្រះអង្គជាអ្នកកាន់សាសនាហិនឌូ និងជ្រើសរើសព្រះវិស្ណុជាព្រះរបស់ទ្រង់។ ដូច្នេះហើយបានជានៅក្នុងកំពូលកណ្តាលប្រាសាទអង្គរវត្តបានតំកល់រូបបដិមានេះ ប៉ុន្តែដោយសារតែមានបដិវត្តន៍សាសនានៅក្នុងសតវត្សទី១៦ពីហីនឌូ មកព្រះពុទ្ធសាសនាទាំងស្រុង ទើបពុទ្ធសាសនិកគេបានដករូបបដិមាព្រះវិស្ណុចេញ ហើយជំនួសវិញដោយពុទ្ធបដិមា។ ជាកុសលរូបបដិមាទាំងអស់មិនត្រូវបានបំផ្លាញនៅក្នុងពេលនោះទេ ដោយគ្រាន់តែពួកគេដកចេញពីកន្លែងដើម ហើយយកទៅដាក់នៅកន្លែងផ្សេងនៃប្រាសាទតែប៉ុណ្ណោះ។ ក្រោយមកពេលដែលបារាំងរុករកឃើញប្រាសាទ ក៏គេបានជួសជុលរូបបដិមាទាំងនោះវិញទៅ។ ជារួមនៅក្នុងប្រាសាទអង្គរវត្តមានរឿងរ៉ាវជាច្រើនដែលនៅជាអាថ៌កំបាំង និងជាចំងល់សម្រាប់មនុស្សជំនាន់ក្រោយ៕

អត្ថបទ៖ សុគុណា
- Share This Post:











