ព័ត៌មានជាតិ

គណៈសង្ឃនាយក ណែនាំឱ្យគ្រប់វត្តអារាមទូទាំងប្រទេស វាយគង ទូងស្គរ និងបង្ហូតទង់ជាតិ ទង់សាសនា ត្រឹមពាក់កណ្តាលដង នៅម៉ោង ១៧៖៣០នាទីថ្ងៃនេះ

BY
Khmernote Media
February 27, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ លេខាធិការដ្ឋានគណៈសង្ឃនាយក បានចេញសេចក្តីប្រគេនដំណឹងដល់ សម្តេចព្រះសង្ឃព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មេត្តាជ្រាបថា៖

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃ ព្រះរាជាណាចក្រកម្ពុជា បានយាងចូលទិវង្គត នៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង ៤០ នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្ម ៩៣ព្រះវស្សា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។ ព្រះសពត្រូវបានតម្កល់ទុកក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជ មហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសពតាមប្រពៃណីពុទ្ធសាសនាខ្មែររហូតដល់ថ្ងៃថ្វាយព្រះភ្លើង។

ជាមួយគ្នានេះ គណៈសង្ឃនាយក សូមប្រគេន សម្ដេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សូមមេត្តា វាយគង ទូងស្គរ និងបង្ហូតទង់ជាតិ ទង់សាសនា ត្រឹមពាក់កណ្តាលនៃដងទងជាតិ ព្រមទាំងបង្សុកូលឧទ្ទិសព្រះរាជមហាកុសលឱ្យបានព្រមៗ គ្នាគ្រប់វត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យស្របជាមួយនឹងការរំកិលព្រះសពចូលព្រះមញ្ជូសា នៅថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង ៣០ នាទី ដើម្បីសម្តែងនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុត ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

អាស្រ័យហេតុនេះ សូម សម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ ព្រះ ចៅអធិការ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ មេត្តាចូលរួមចាត់ចែងនិងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

ប្រភព៖ លេខាធិការដ្ឋានគណៈសង្ឃនាយក

Share This Post: