ជនសង្ស័យ ២នាក់ ឆក់ទូរស័ព្ទដៃពីនារីជនបរទេសបានសម្រេច ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ តាមប្រដេញឃាត់ខ្លួនបានភ្លាមៗ
- February 28, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៩៖៣៣នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ ចុះល្បាតតាមផ្លូវលេខ ៥១កែងផ្លូវលេខ២២២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿងមានគ្នា ចំនួន០២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីជនបរទេស ដែលកំពុងដើរបានសម្រេច។

ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វើការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ នៅចំណុចផ្លូវសម្តេចតេជោហ៊ុនសែន (ក្រោយវិមានរដ្ឋសភា) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
*ទី១៖ ឈ្មោះ នៅ សុខបញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ម្តុំវត្តជំពូកក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ (អ្នកបើក)។
*ទី២៖ឈ្មោះ រឿន ជីវ័ន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅ ភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
សម្ភារដកហូតមាន ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KN-3282 (របស់ជនសង្ស័យ) និងទូរស័ព្ទដៃម៉ាក IPhone 13 (របស់ជនរងគ្រោះ)។ ទូរស័ព្ទខាងលើកម្លាំងជំនាញបានប្រគល់ទៅអោយនារីរងគ្រោះវិញ។
បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលើ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តរតាមនីតិវិធី៕



ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ
- Share This Post:






