បច្ចេកវិទ្យា

កាស AirPods និងកាសឥតខ្សែផ្សេងទៀត ពិតជាអាចបង្កហានិភ័យជំងឺមហារីកមែនឬ?

BY
autoadmin
March 19, 2019

កាលពីសប្ដាហ៍មុនមានអ្នកគាំទ្រមួយចំនួនធំបានចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអ្នកនិពន្ធឯករាជ្យលោក Markham Heid បានចេញផ្សាយអត្ថបទមួយទៅលើគេហទំព័រ Medium ដែលនិយាយពីសុវត្ថិភាពនៃកាស AirPod និងកាសឥតខ្សែដែលស្រដៀងគ្នានេះ។ ការចេញផ្សាយនេះបានចោទជាចំណោទថា តើ AirPods ពិតជាអាចបង្កមហារីកមែនឬ? ខាងក្រោមនេះគឺជាចម្លើយដែលពួកយើងអាចយកទៅពិចារណាបាន៖

លោក Markham Heid បានជួបនិយាយជាមួយលោក Jerry Phillips ដែលជាសាស្រ្តាចារ្យជីវគីមីនៅសាកលវិទ្យាល័យ Colorado នៅក្រុង Colorado Springs ហើយលោក Phillips ក៏បានបង្ហាញពីការព្រួយបារម្ភចំពោះអ្នកប្រើប្រាស AirPods ទាំងឡាយ។ លោក Phillips គាត់និយាយថា ជាការពិត AirPods ដែលដោតជាប់ក្នុងត្រចៀករបស់យើង អាចមានការប៉ះពាល់ដល់ក្រដាសត្រចៀក ដោយសារតែវាមានវិទ្យុសកម្មខ្ពស់។

តែទោះជាយ៉ាងណាក៏ដោយលោក Phillips បានបញ្ជាក់ថា ហានិភ័យមិនត្រូវបានកំណត់តែចំពោះ AirPods នោះទេ ជាក់ស្តែងគឺឧបករណ៍កាសឥតខ្សែទាំងអស់សុទ្ធតែគួរឱ្យព្រួយបារម្ភ។ ប៉ុន្តែអ្វីដែលធ្វើឱ្យពួកគេកាន់តែព្រួយបារម្ភបំផុតគឺបច្ចេកវិទ្យាដែលមាននៅជុំវិញខ្លួនយើងដូចជា៖ ទូរស័ព្ទ ទូរស័ព្ទលើតុ អង់តែនសេវា វិទ្យុ WiFi និងផ្សេងៗ ដែលពួកវាមានវិទ្យុសកម្មខ្ពស់ជាងកាសឥតខ្សែទាំងនេះទៅទៀត។

បើយោងតាមលោក Markham Heid បាននិយាយថា ក្រុមហ៊ុន Apple ក៏ធ្លាប់បានឆ្លើយតបទៅនឹងការភ័យខ្លាចទាក់ទងនឹង AirPods នេះដែរ ហើយពួកគេបាននិយាយថា ពួកគេផលិតវាឡើងដោយអនុលោមតាមគោលការណ៍ណែនាំសុវត្ថិភាពត្រឹមត្រូវ។ សរុបមកវិញអ្នកប្រើប្រាស់មិនចាំបាច់បង្ខំចិត្តបោះបង់ការកាសឥតខ្សែរបស់ពួកគេនោះទេ ប៉ុន្តែប្រសិនបើអ្នកចង់ប្រយ័ត្នខ្លួនគឺវាអាស្រ័យទៅលើការសម្រេចរបស់លោកអ្នក៕

អត្ថបទ៖ លីដា
ប្រភព៖ harpersbazaar

Share This Post: