ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បញ្ជាឱ្យអគ្គស្នងការដ្ឋានគរបាលជាតិ ចាត់វិធានការចំពោះការប្រើប្រាស់ផ្លាកលេខ«ន.ប» យកទៅធ្វើការកាស៊ីណូ និងជិះទៅឈប់មុខ KTV
- March 1, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បញ្ជាឱ្យអគ្គស្នងការដ្ឋានគរបាលជាតិ ចាត់វិធានការចំពោះការប្រើប្រាស់ផ្លាកលេខនគរបាល«ន.ប» យកទៅធ្វើការកាស៊ីណូ និងជិះទៅឈប់មុខ KTV ដែលខុសពីគោលការណ៍ច្បាប់កំណត់ ដើម្បីបញ្ឈប់បញ្ហាឈឺក្បាលរឿងបន្ដនេះទៀត។

ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ដរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុ ខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ពង្រឹងការគ្រប់គ្រង និងចាត់វិធានចំពោះការប្រើប្រាស់ផ្លាកលេខនគរបាល (ន.ប) ជាលក្ខណៈឯកជនខុសពីគោលការណ៍ ច្បាប់កំណត់។
ការដាក់បទបញ្ជារបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បែបនេះ ដោយមើលឃើញថា មួយរយៈពេលចុងក្រោយនេះ ការ យក ផ្លាកលេខនគរបាលទាំងរថយន្ដ និងម៉ូតូមួយចំនួនខុសពីការកំណត់ ដោយអ្នកខ្លះទៅធ្វើការងារជាឯកជនប៉ុន្ដែជិះមធ្យោបាយដែលបំពាក់លេខនគរបាល។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា «ខ្ញុំសុំយកឱកាសនេះដាស់តឿន និងផ្ដាំផ្ញើដល់មន្ដ្រីក្រោមឱវាទក្រសួងមហាផ្ទៃ ពិសេសកងកម្លាំងនគរបាលដែលប្រើប្រាស់ផ្លាកលេខ នប ខុសរឿង។ នប មួយចំនួនជិះទៅធ្វើការកាស៊ីណូ ហើយកាលពីមុនជិះទៅឈប់មុខ KTV អញ្ចឹងឡានហ្នឹងមិនអាចឲ្យខ្ចីទៅលើអ្នកណាម្នាក់ទៀត សូមប្រើប្រាស់ឲ្យចំមុខជំនាញ»។
ជាមួយគ្នានេះ ឯកឧត្ដមក៏បានណែនាំឲ្យអគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ មេត្តាយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់ផ្លាកលេខ នប នេះ។ ក្នុងករណីចាំបាច់បើប្រព្រឹត្តខុសច្បាប់ ហើយដកផ្លាកលេខមក ហើយឲ្យម្ចាស់ឡានទៅបង់ពន្ធតាមច្បាប់។ ឯកឧត្ដម បានបញ្ជាក់ថា ផ្លាកលេខ នបនេះ គឺបម្រើឲ្យសមត្ថកិច្ច និងបម្រើឲ្យអង្គភាពតែប៉ុណ្ណោះ៕






ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






