ព័ត៌មានជាតិ

ព្រះសង្ឃ ៤០០អង្គ នឹងនិមន្តគោចរបិណ្ឌបាត ក្នុងពិធីបុណ្យគម្រប់៧ថ្ងៃ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នៅព្រឹកថ្ងៃស្អែក

BY
Khmernote Media
March 2, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះសង្ឃ ៤០០អង្គ នឹងនិមន្តគោចរបិណ្ឌបាត ក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់ប្រាំពីរថ្ងៃ ដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។

គណៈគ្រប់គ្រងវត្តឧណ្ណាលោម គណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្សសម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនថា នៅថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១០៖០០ នាទីព្រឹក មានការរៀបចំពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៤០០ អង្គ និងដារឆ្លងគម្រប់ប្រាំពីរថ្ងៃ ក្នុងព្រះរាជពិធីបុណ្យព្រះបរមសពថ្វាយ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជណាចក្រកម្ពុជា ក្នុងបរិវេណវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សេចក្តីដូចបានចម្រើនពរខាងលើ សូម សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ាលោក លោកស្រី និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានមេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមដោយសេចក្ដីជ្រះថ្លាក្នុងមហាកុសលរៀងៗខ្លួន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: