USAID មរតកបៃតង ដាក់ពង្រាយម៉ាស៊ីនថតស្វ័យប្រវត្តិជាង ២០០កន្លែង ដើម្បីកត់ត្រាប្រភេទសត្វព្រៃផ្សេងៗ និង ការពារតំបន់ជួរភ្នំក្រវាញ
- March 4, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រភពពីអង្គការ USAID មរតកបៃតង បានឱ្យដឹង នៅថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ថា ដើម្បីចូលរួមអបអរសាទរទិវាសត្វព្រៃពិភពលោក៣មីនា ឆ្នាំ២០២៤ ក្នុងការចូលរួមប្រារព្ធទិវាសត្វព្រៃពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ «ការតភ្ជាប់មនុស្ស និងភពផែនដី» ការប្រើប្រាស់ភាពច្នៃប្រឌិតបែបឌីជីថល ក្នុងការអភិរក្សសត្វព្រៃនោះ USAID មរតកបៃតង មានសេចក្តីរីករាយក្នុងការចែករំលែកវីដេអូ អំពីសកម្មភាពសត្វព្រៃជាច្រើនប្រភេទ ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិរបស់យើង ដែលបានដាក់នៅក្នុងតំបន់ការពារនៃជួរភ្នំក្រវាញ ។

ដើម្បីជួយការពារសត្វព្រៃ និង អភិរក្សជីវៈចម្រុះនៅជួរភ្នំក្រវាញរបស់យើង អង្គការUSAID មរតកបៃតង បានសហការជាមួយ អង្គការអភិរក្សអន្តរជាតិកម្ពុជា ក្នុងការដាក់ពង្រាយម៉ាស៊ីនថតស្វ័យប្រវត្តិជាង ២០០កន្លែង ដើម្បីកត់ត្រាប្រភេទសត្វព្រៃផ្សេងៗ ដែលសកម្មភាពទាំងនេះ មានគោលបំណងបម្រើជាសូចនាករ ក្នុងការត្រួតពិនិត្យជីវៈចម្រុះ នៅក្នុងឧទ្យានជាតិនេះ ។ លទ្ធផលនៃការសិក្សា និងការវិភាគទិន្នន័យដែលបានពីម៉ាស៊ីនថត នឹងអនុញ្ញាតឱ្យយើងមានវិធីសាស្រ្តកាន់តែមានប្រសិទ្ធភាព ក្នុងការអភិរក្សសត្វព្រៃ នៅក្នុងឧទ្យានជាតិមួយនេះ ។
សូមចូលរួមជាមួយពួកយើង ក្នុងការការពារសត្វព្រៃរបស់យើង ឱ្យគេចពីការផុតពូជ ។ សូមចែករំលែកសារនេះ បញ្ឈប់ការបរិភោគសាច់សត្វព្រៃ និង រួមគ្នាធ្វើសកម្មភាព ដើម្បីការពារជីវិតសត្វព្រៃឱ្យបានគង់វង្ស សម្រាប់អ្នកជំនាន់ក្រោយរបស់យើង បានឃើញទាំងអស់គ្នា ៕





ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






