ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ ធ្លាក់ពីលើផ្ទះចូលជាប់ប្រឡោះជញ្ជាំងនៅខណ្ឌទួលគោក ត្រូវក្រុមសង្គ្រោះប្រើពេលអស់ជាច្រើនម៉ោង សង្គ្រោះបានដោយជោគជ័យ

BY
Khmernote Media
March 7, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ដែលបានធ្លាក់ពីលើផ្ទះចូលប្រហោងជញ្ជាំងផ្ទះ ជាប់អស់ជាច្រើនម៉ោង ពេលនេះត្រូវបានក្រុមសង្គ្រោះ គ្រោះមហន្តរាយ៧១១ របស់កងពលតូចលេខ៧០ ជួយសង្គ្រោះបានហើយ នៅវេលាម៉ោង ១០យប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ។

កងប្រតិបត្តិការរុកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានចេញជួយសង្គ្រោះក្មេងស្រីម្នាក់ឈ្មោះ សុខ នីតា អាយុ១៣ឆ្នាំ ធ្លាក់ពីលើផ្ទះជាន់ទី២ ចូលជាប់ប្រឡោះជញ្ជាំង។ ដែលមានទីតាំងកើតហេតុនៅផ្លូវលេខ៣៥១ ផ្ទះលេខ២៦ ក្រុមទី៧ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះខាងលើត្រូវបានកងប្រតិបត្តិការរុកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានជួយសង្គ្រោះបានដោយជោគជ័យនិងបានដឹកបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាដោយសុវត្ថិភាព។

គួរឲ្យអាណិតក្មេងស្រីណាស់ តែសូមសរសើរ និងអរគុណជាខ្លាំង ដល់ក្រុមសង្គ្រោះ៧១១ និងអាជ្ញាធរមានសមត្ថកិច្ច ចំពោះការខិតខំប្រឹងប្រែង រួមសហការគ្នាជួយសង្គ្រោះក្មេងស្រីបានដោយជោគជ័យ ៕

ប្រភព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

Share This Post: