សង្គម

ត្បិតតែប្រាសាទមួយនេះនៅឆ្ងាយពីក្រុងសៀមរាបក៏ពិតមែន ប៉ុន្តែមានភ្ញៀវចូលទស្សនារាប់ពាន់នាក់នោះទេក្នុង១ថ្ងៃ ដោយសារតែ…

BY
Khmernote Media
March 21, 2019

នាពេលសព្វថ្ងៃនេះនៅក្នុងខេត្តសៀមរាបមានប្រាង្គបា្រសាទជាច្រើន ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវជាតិ និងអន្តរជាតិអោយចូលមកទស្សនារាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ហើយប្រាសាទទាំងនោះមិនសូវនៅឆ្ងាយពីក្រុងសៀមរាបប៉ុន្មានទេគឹ ប្រហែលជា ៥គីឡូម៉ែត្រពីក្រុងសៀមរាបតែប៉ុណ្ណោះ។ ដោយឡែកយើងសង្កេតឃើញថា ប្រាសាទបឹងមាលា ជាប្រាសាទដែលស្ថិតនៅឆ្ងាយពីទីរួមខេត្តរហូតដល់ទៅ ៦៥គីឡូម៉ែត្រ និងប្រើរយៈពេលដើម្បីជិះទៅទស្សនាប្រហែល១ម៉ោង៣០នាទីពីក្រុង ប៉ុន្តែបើនិយាយពីចំនួនភ្ញៀវវិញគឺច្រើនខ្លាំងមិនចាញ់នៅក្នុងប្រាសាទសំខាន់ៗ នៅក្នុងឧទ្យានអង្គរប៉ុន្មានទេ។

តាមការលើកឡើងអ្នកនៅក្នុងតំបន់នោះបានអោយដឹងថា ប្រាសាទនេះមានការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនា​ ព្រោះប្រាសាទនេះបានបែកបាក់ស្ទើរតែទាំងស្រុង ហើយមានដើមឈើតូចធំដុះព័ទ្ធពាសពេញសំណង់ប្រាសាទទាំងមូលតែម្តង។ មិនតែប៉ុណ្ណោះ ប្រាសាទនេះមិនអាចដើរចូលតាមក្លោងទ្វារប្រាសាទបាននោះទេ គឺខាងអាជ្ញាធរបានធ្វើស្ពានធ្វើពីឈើដើម្បីជាផ្លូវដើរនៅលើប្រាសាទ និងមើលទៅដូចជាយើងកំពុងតែនៅក្នុងប្រាសាទមួយ ដែលបាក់បែកមូរព័ទ្ធដោយព្រៃឈើ និងមានអារម្មណ៍ថាយើងគឺជាអ្នកបានរុករកឃើញប្រាសាទមួយដែលគេបោះបង់ចោលរាប់ឆ្នាំអញ្ចឹង។

ម្យ៉ាងទៀតសោត តាមពិតទៅប្រាសាទបឹងមាលាត្រូវបានរកឃើញដោយជនជាតិបារាំងនៅសតវត្សទី១៩ និងដើមសតវត្សទី២០ ប៉ុន្តែគេពុំបានដឹងពីព័ត៌មានប្រាសាទមួយនេះថា សង់តាំងពីពេលណានោះទេ ប៉ុន្តែប្រាសាទបឹងមាលាស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០ម៉ែត្រ។ ប្រាសាទបឹងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១និងដើមសតវត្សរ៍ទី១២ ដើម្បីឧទ្ទិសថ្វាយដល់ព្រះក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។

ដោយហេតុថាទ្រង់ទ្រាយប្រាសាទនេះប្រហាក់ប្រហែលប្រាសាទអង្គរវត្តនោះ ដូច្នេះរាល់វត្ថុបំណង និងស្ថាបត្យកម្មក៏ត្រូវមានលក្ខណៈដូចគ្នា។ ប្រាសាទបឹងមាលាស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលប្រាសាទអង្គរវត្ត ដែលបុរាណវិទូមួយចំនួនយល់ថា ប្រាសាទបឹងមាលាជាប្លង់មេឬថា បុព្វបុរសខែ្មរ ចាប់កសាងប្រាសាទនេះសិនមុននឹងឈានទៅកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញដោយមើលតាមគំរូដើម។

គួរបញ្ជាក់ផងដែរថាប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងនៅភូមិបឹងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលែន ខេត្តសៀមរាប ហើយប្រសិនបើបងប្អូនមិនដឹងថាទៅលេងនៅទីណាក្នុងឱកាសនាបុណ្យចូលឆ្នាំថ្មីនេះ បងប្អូនអាចមកលេងប្រាសាទបឹងមាលានេះបាន ក្រុមការងារយើងខ្ញុំធានាថាមិនខកបំណងឡើង៕

អត្ថបទ៖ សុគុណា

Share This Post: