រដ្ឋបាលខណ្ឌជ្រោយចង្វារ ណែនាំដល់ម្ចាស់យានយន្ត ត្រូវបញ្ឈប់ការចតយានយន្តគ្រប់ប្រភេទ នៅក្រោមស្ពានជ្រោយចង្វារ ដោយទុកពេលឱ្យ ១០ថ្ងៃ
- March 7, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានចេញសេចក្ដីជូនដំណឹងស្តីពី ការបញ្ឈប់ការចតយានយន្តគ្រប់ប្រភេទ នៅក្រោមស្ពានជ្រោយចង្វារ «ស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន» ដើម្បីសោភណ្ឌភាព និងសណ្តាប់ធ្នាប់របៀបរៀបរយ។

រដ្ឋបាលសង្កាត់ជ្រោយចង្វារ សូមជម្រាបជូនដល់ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តគ្រប់ប្រភេទដែលចតនៅក្រោមស្ពានមិត្តភាព កម្ពុជា-ជប៉ុន ស្ពានមិត្តភាព កម្ពុជា-ចិន ស្ថិតក្នុងភូមិដើមគ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មេត្តាជ្រាបថា៖ អនុវត្តន៍តាមស្មារតីកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខណ្ឌ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានណែនាំអោយរដ្ឋបាលសង្កាត់ជ្រោយចង្វារ ចុះរៀបចំសណ្តាប់ធ្នាប់នៅក្រោមស្ពាន មិត្តភាព កម្ពុជា-ជប៉ុន និងស្ពានមិត្តភាព កម្ពុជា-ចិន។
ក្នុងន័យនេះរដ្ឋបាល សង្កាត់សូមធ្វើការណែនាំដល់ម្ចាស់យានយន្តគ្រប់ប្រភេទទាំងអស់ត្រូវបញ្ឈប់ការចត នៅក្រោមស្ពានទាំងពីរ ខាងលើ ដើម្បីសោភ័ណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈ និងទុកទីតាំងនេះសម្រាប់រៀបចំសួន ជូនប្រជាពលរដ្ឋ កំសាន្ត និងហាត់ប្រាណនាពេលខាងមុខនេះ ដោយទុករយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីបងប្អូនដែលជាម្ចាស់យានយន្តមិនព្រមអនុវត្តន៍តាមការជូនដំណឹងនេះ រដ្ឋបាលសង្កាត់នឹងចាត់វិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវចំពោះការខូចខាតឡើយ។
អាស្រ័យដូចបានជម្រាបជូន សូមម្ចាស់យានយន្តទាំងអស់ដែលពាក់ព័ន្ធដូចបានជូនដំណឹងខាងលើ មានការយោគយល់អធ្យាស្រ័យ និងចូលរួមសហការណ៍អនុវត្តន៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕



ប្រភព៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ
- Share This Post:






