សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការស្រឡាញ់វប្បធម៌ជាតិពិតប្រាកដ ទាមទារឱ្យមានចំណេះដឹងអំពីសិល្បៈ និងវប្បធម៌ជាតិ
- March 8, 2024
រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «ពាក្យថាគោរពស្រឡាញ់វប្បធម៌ជាតិ ជាពាក្យ ងាយស្រួលនិយាយ ប៉ុន្តែដើម្បីឱ្យមានការគោរពស្រឡាញ់ពិត គឺត្រូវមានចំណេះដឹង និងត្រូវយល់ដឹងឱ្យបានល្អអំពីសិល្បៈ និងវប្បធម៌ជាតិ»។ នេះជាការថ្លែងរបស់សម្ដេច ក្នុងឱកាសចូលរួម ទិវាវប្បធម៌ជាតិ ៣ មីនា នៅសាលកោះពេជ្រ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គោរពស្រឡាញ់វប្បធម៌ជាតិក៏តម្រូវឱ្យមានការចូលរួមគ្រប់រូបភាព ក្នុងការការពារ និងលើកស្ទួយវប្បធម៌ជាតិយើង។ ក្នុងន័យនេះការបណ្ដុះបណ្ដាផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង និងបង្កើនឱកាសនៃការចូលរួមឱ្យមានការទាក់ទងកាន់តែខ្លាំងដល់មហាជនទូទៅ ជាពិសេសយុវជនត្រូវពង្រឹង គោរពស្រឡាញ់មកលើវប្បធម៌ទាំងរូបិយ និងអរូបិយរបស់ជាតិ។
ជាមួយគ្នានេះការទន្ទ្រានកាន់កាប់ការទាមទារយកជាកម្មសិទ្ធិការជួញដូរដីធ្លីដែលប៉ះពាល់ដល់តំបន់ការពារបុរាណដ្ឋានគ្រប់ប្រភេទ និងការជីកកកាយខុសច្បាប់សុទ្ធតែជាទង្វើប្រាស់ចាកចេញពីសេចក្តីស្រឡាញ់ ចំពោះវប្បធម៌។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា រយៈពេល៩ឆ្នាំកន្លងមកនេះ ទិវាវប្បធម៌ជាតិ ត្រូវបានប្រារព្ធក្រោមប្រធានបទតែមួយគឺ យុវជនដើម្បី វប្បធម៌ជាតិ – ដើម្បីជំរុញការយល់ដឹងដល់គ្រប់មជ្ឈដ្ឋានទាំងអស់អំពីភារកិច្ចគ្មានទីបញ្ចប់នៃកិច្ចការអភិរក្សថែរក្សា សិល្បៈវប្បធម៌ជាតិ អំពីកាតព្វកិច្ចដែលត្រូវការជាចាំបាច់នូវយុវជនបន្តវេន ហើយក៏ជាព្រឹត្តិការណ៍រំឭកនិងបង្កើនការប្រុងប្រយ័ត្នចំពោះហានិភ័យនៃផលប៉ះពាល់ ក្នុងបរិបទដែលពិភពលោកនិងតំបន់ ពុំមានរនាំងច្បាស់លាស់ផ្នែកវប្បធម៌ និងសិល្បៈ ព្រមទាំងស្ថានភាពនៃការវិវត្តទៅមុខនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងសង្គមសេដ្ឋកិច្ចផងដែរ៕


- Share This Post:






