ព័ត៌មានជាតិ

Wornders Of the Mekong៖ ទន្លេមេគង្គជាសរសៃឈាម ទឹក សារធាតុចិញ្ចឹម និងដីល្បាប់

BY
Khmernote Media
March 9, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ទន្លេមេគង្គ គឺជាទន្លេដែលវែងជាងគេនៅអាស៊ីអាគ្នេយ៍ និងវែងជាងគេទី៨ លើពិភពលោក។ អាងទន្លេមេគង្គលើ ចាប់ផ្តើមនៅក្នុងប្រទេសចិន ដោយហូរចេញពីខ្ពង់រាបទីបេ ឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងអាងទន្លេមេគង្គក្រោម ទន្លេដ៏ធំនេះ បានហូរឆ្លងកាត់ ភាគឦសានប្រទេសថៃ ឡាវ និងកម្ពុជា និងហូរចាក់ទៅតំបន់ដីសណ្ត ដ៏មានជីជាតិ របស់ប្រទេសវៀតណាម។

ប្រជាជនជាង ៦៨ លាននាក់រស់នៅក្នុងអាងទន្លេមេគង្គក្រោម ពួកគេភាគច្រើន បានពឹងផ្អែកលើទន្លេដ៏អស្ចារ្យនេះ លើការប្រើប្រាស់ទឹក ជាសន្តិសុខស្បៀង និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ នេះជាការបង្ហាញ របស់ Wornders Of the Mekong នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។

អាងទន្លេមេគង្គក្រោមនៅកម្ពុជា បានបំពេញទឹកចូលក្នុងបឹងទន្លេសាប ដែលជា ប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ សម្រាប់ត្រី មនុស្ស និងធម្មជាតិ។ នៅរដូវវស្សា ទឹកទន្លេមេគង្គ ឡើងខ្លាំងជន់លិចបឹងទន្លេសាប ដែលបណ្តាលឱ្យបឹងនេះ ពង្រីកខ្លួនដល់ទៅប្រាំមួយដង នៃទំហំរបស់វាក្នុងរដូវប្រាំង។ នៅចុងរដូវវស្សា ទឹកទន្លេសាប ក៏ហូរត្រឡប់ចូល ទៅក្នុង ទន្លេមេគង្គវិញ។ ទឹកក្នុងរដូវវស្សា បានផ្តល់សារធាតុចិញ្ចឹមសំខាន់ៗ និងដីល្បាប់ ដល់ ប្រព័ន្ធអេកូឡូស៊ី។ ទាំងនេះ គឺជាមូលដ្ឋានគ្រឹះដែលជីវចម្រុះដ៏សម្បូរបែបនៃទន្លេមេគង្គ បានវិវត្តន៍។ លំហូរបន្តនៃសារធាតុចិញ្ចឹមទាំងនេះ មានសារៈសំខាន់ខ្លាំងណាស់ ចំពោះការ រស់រានមានជីវិត របស់ប្រភេទសត្វផ្សេងៗ។ ជម្រកដីសើមដ៏ធំទូលាយរបស់ទន្លេមេគង្គ នឹងមិនមានទេ បើពុំមានទឹកជំនន់ប្រចាំឆ្នាំ ហើយវដ្តជីវិតរបស់ត្រីជាច្រើនប្រភេទ ក៏ត្រូវបានគ្រប់គ្រងដោយចង្វាក់ធម្មជាតិរបស់វានេះដែរ។

នៅរដូវប្រាំង ទន្លេមេគង្គស្រកចុះ ហើយទីជម្រកសម្រាប់ត្រីក្នុងបឹងទន្លេសាប ក៏ត្រូវ បានបាត់អស់មួយផ្នែកធំ។ អន្លង់ទឹកជ្រៅនៅក្នុងមេគង្គ បានដើរតួនាទីយ៉ាង សំខាន់ជំនួស នៅក្នុងពេលនេះ ដោយផ្តល់នូវទីជម្រកសម្រាប់ប្រភេទត្រី ទន្លេមេគង្គជាច្រើនប្រភេទ បានលាក់ខ្លួន និងពងកូន ដើម្បីរក្សាបាននូវពូជត្រីផ្សេងៗ និងផលិតភាពនៃប្រព័ន្ធអេកូឡូស៊ី។ យ៉ាងហោចណាស់ ក៏មានអន្លង់ទឹកជ្រៅចំនួន ១៧០ នៅក្នុងអាងទន្លេមេគង្គ ក្នុង ប្រទេសកម្ពុជា។ ចំណែកនៅក្នុងប្រទេសឡាវ មានអន្លង់ទឹក ជ្រៅបំផុតរហូតដល់ជម្រៅជាង ១០០ ម៉ែត្រឯណោះ។

សកម្មភាពនៃការធ្វើចរាចរផ្លាស់ទីរបស់ត្រីពីទន្លេសាបទៅទន្លេមេគង្គ គឺជាព្រឹត្តិការណ៍ នៃការធ្វើចរាចរផ្លាស់ទីដ៏ធំបំផុតមួយនៅលើផែនដី។ ប្រភេទត្រីធ្វើចរាចរណ៍ផ្លាស់ទីជាង ៣២០ប្រភេទ បានចូលរួមក្នុងការធ្វើដំចរាចរផ្លាស់ទីដ៏អស្ចារ្យនេះជារៀងរាល់ឆ្នាំ។ ត្រីដំបូងគេ ដែលចាប់ផ្តើមធ្វើចរាចរផ្លាស់ទីមុនគេ គឺជាមប្រភេទត្រីធំជាងគេបំផុត របស់ពិភពលោក ដូចជាត្រីរាជ និងត្រីគល់រាំង។ ពួកវាត្រូវបានអមដំណើរដោយត្រីចម្រុះរហូតដល់ ១០០ប្រភេទ ផ្សេងទៀត។ ចំពោះចំនួនពិតប្រាកដនៃចំនួនត្រី នៅក្នុងព្រឹត្តិការណ៍នៃការធ្វើ ចរាចរណ៍ ផ្លាស់ទីនេះ គឺមិនអាចប៉ាន់ប្រមាណទេ ប៉ុន្តែយោងតាមការស្រាវជ្រាវបង្ហាញថា មានត្រីចំនួន ៥ពាន់លានក្បាល បានចូលរួម ដែលបានប្រកួតប្រជែង នឹងការធ្វើចរាចរណ៍ ផ្លាស់ទីនៅ លើដីដ៏ល្បីល្បាញ នៃប្រភេទសត្វធំៗ ផ្សេងទៀត៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: