ខ្យល់កខ្វក់ខ្លាំងពេក ឥលូវនេះនៅថៃមានលក់ឧបករណ៍ជំនួយខ្យល់បរិសុទ្ធដាក់តាមខ្លួនទៀត ដើម្បីជួយដល់ការដកដង្ហើម
ខ្យល់កខ្វក់ PM2.5 បានធ្វើឱ្យមនុស្សនៅទីក្រុងបាងកក ត្រូវការពាក់ម៉ាសមុខជារៀងរាល់ពេលដែលពួកគេចេញក្រៅ ខណៈដែលខ្យល់កខ្វក់នេះកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅតាមបណ្ដាខេត្តភាគខាងជើងរបស់ប្រទេសថៃ។ ប្រជាជនភាគច្រើនប្រើប្រាស់ផលិតផលលាបការពារខ្លួនរាល់ពេលពួកគេចេញត្រូវនឹងបរិយាកាសខាងក្រៅ ដែលហេតុផលនេះបានធ្វើឱ្យផលិតផលការពារស្បែកលក់ដាច់ ជាពិសេសគឺសម្រាប់ឧបករណ៍ជំនួយខ្យល់បរិសុទ្ធមួយចំនួនដែលមើលទៅដូចជាការបោកប្រាស់របស់អ្នកលក់ ប៉ុន្តែវាពិតជាចំណែកមួយសម្រាប់បច្ចុប្បន្ន។

បើយោងតាមកម្មវិធី AirVisual កាលពីថ្ងៃ ទី១២ ខែមីនា វេលាម៉ោង ៤រសៀល កាលពីសប្ដាហ៍មុន ទីក្រុងឈៀងម៉ៃត្រូវបានគេរាយការណ៍ថា ជាទីក្រុងដែលមានការបំពុលអាក្រក់បំផុតនៅលើពិភពលោកជាមួយនឹងសន្ទស្សន៍គុណភាពខ្យល់អាកាស (AQI) ចំនួន ២៣០។ វាជាចំនួនដែលខ្ពស់បំផុត សូម្បីតែទីក្រុងចំណាត់ថ្នាក់ ទី២ ដែលមានខ្យល់កខ្វក់មាន AQI ត្រឹមតែ ១៧០ ខណៈទីក្រុងបាងកកក៏ស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង ១០។ សព្វថ្ងៃប្រភេទឧបករណ៍ជំនួយខ្យល់បរិសុទ្ធដែលប្រជាជនថៃកំពុងពេញនិយមប្រើប្រាស់គឺ Ezy Pure ដែលផលិតនៅប្រទេសនូវែលហ្សេឡង់។ វាជាប្រភេទជំនួយផ្ទាល់នឹងច្រមុះ ហើយឧបករណ៍នោះមានតម្លៃ ៩៦០បាត (ប្រហែល ៣០ដុល្លារអាមេរិក) ដែលអាចជំនួយការដកដង្ហើមរបស់ពួកគេបាន ១៥០ ដង៕

អត្ថបទ៖ លីដា
ប្រភព៖ bangkokpost