ឧកញ៉ាថៃម្នាក់ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ១៦ខែ ពីបទប្រមាញ់សត្វព្រៃ
យោងតាមគេហទំព័រ BBC បានឱ្យដឹងថា ប្រធានក្រុមហ៊ុនសំណង់ធំបំផុតមួយរបស់ប្រទេសថៃ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៦ខែ ដោយសារការចោទប្រកាន់ពីបទប្រមាញ់សត្វព្រៃ ៣ករណី ប៉ុន្តែរឿងក្តីរបស់គាត់អាចបន្តទៅឧទ្ធរណ៍បាន។ ឧកញ៉ាថៃម្នាក់នេះត្រូវបានគេឱ្យដឹងថា ធ្លាប់ជាប់ក្នុងចំណោមអ្នកមានរបស់ថៃទាំង ៥០នាក់ ដែលចេញផ្សាយដោយ Forbes។ គាត់ត្រូវបានគេពិន័យបន្ថែមពីការដាក់ពន្ធនាគារចំនួន ៤០០,០០០បាត (ប្រហែល ១២,៦០០ដុល្លារអាមេរិក)។ អ្នកបើករថយន្ត និងចុងភៅរបស់គាត់ក៏មានជាប់ទោសផងដែរ ខណៈអ្នកដែលជាប់ទោសធ្ងន់ជាងគេគឺមគ្គុទេសក៍បរបាញ់របស់គាត់ (ត្រូវជាប់គុក ៣ឆ្នាំ ៥ខែ)។

លោក Premchai Karnasuta អាយុ ៦៤ឆ្នាំ ត្រូវបានចាប់ខ្លួនជាមួយនឹងឧបករណ៍ប្រមាញ់ សត្វបក្សី Kalij Pheasant និងខ្លារខិនខ្មៅ ក្នុងតំបន់ការពារមួយកន្លែង នៅឧទ្យានជាតិថៃ Thungyai Naresuan កាលពីខែកុម្ភៈ ឆ្នាំ២០១៨។ គាត់ទើបតែសារភាពទោសកាលពីថ្ងៃអង្គារនេះប៉ុណ្ណោះ ហើយកូនចៅរបស់គាត់ ៣នាក់ ផ្សេងទៀតត្រូវបានគេកាត់ទោសដូចគ្នា។ លោក Premchai ត្រូវបានគេឱ្យដឹងថា ជាអ្នកមានស្ដុកស្ដម្ភ និងមានអំណាចខ្លាំងណាស់ ហើយគាត់ជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អ៊ីតាលី-ថៃ ដែលជាម្ចាស់គម្រោងសាងសង់ឱ្យព្រលានយន្តហោះសុវណ្ណភូមិ និងផ្លូវរថភ្លើង Skytrain របស់ថៃ៕


អត្ថបទ៖ លីដា
ប្រភព៖ bbc