នាយឧត្ដមសេនីយ៍ វង្ស ពិសេន សម្រេចដកហូតមុខតំណែង មេបញ្ជាការរងអាវុធហត្ថ ស្រុកស្វាយជ្រំ ចំនួន ៣រូប ពាក់ព័ន្ធករណីទារលុយ ជាថ្នូរនឹងការដោះលែងជនសង្ស័យប្រើប្រាស់សារធាតុខុសច្បាប់
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្ដីសម្រេច ដកហូតមុខតំណែង មេបញ្ជាការរងអាវុធហត្ថ ស្រុកស្វាយជ្រំ ៣រូប ដោយសារទារលុយ ជាថ្នូរនឹងការដោះលែងជនសង្ស័យ ប្រើប្រាស់គ្រឿងញៀន។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន សម្រេចដកហូតមុខតំណែង និងបន្ថយឋានន្តរសក្តិមកត្រឹម ពលបាលឯក ចំពោះយោធិនចំណុះ អគ្គបញ្ជាការដ្ឋាន ចំនួន ០៣ នាក់ដែលមានរាយនាមដូចខាងក្រោម៖
១ អនុសេនីយ៍ឯក ប៊ី រីណា ១៩៦២៤១ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ឥឡូវជា នាយទាហាន នៃកងរាជអាវុធហត្ថ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី។
២ អនុសេនីយ៍ឯក រិត សំអុន ១៩១៣៩៣ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ឥឡូវជា នាយទាហាននៃកងរាជអាវុធហត្ថ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ។
៣ អនុសេនីយ៍ឯក ប៉ិក វណ្ណារឿត មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ឥឡូវជា នាយទាហាននៃកងរាជអាវុធហត្ថ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន។
មូលហេតុ ពីបទទាមទារប្រាក់ចំនួន ១១០០ ដុល្លារសហរដ្ឋអាមេរិក (មួយពាន់មួយរយ) ជាថ្នូរនឹងការដោះលែងជនសង្ស័យ ប្រើប្រាស់គ្រឿងញៀន ៕

