ឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពិនិត្យលើសំណើរបស់លោក យិន គារ សុំធ្វើតេស្តសារធាតុខុសច្បាប់ឡើងវិញ
- March 16, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពិនិត្យលើសំណើរបស់លោក យិន គារ សុំធ្វើតេស្តគ្រឿងញៀនឡើងវិញ បន្ទាប់ពីលោក ត្រូវបានទម្លាក់ ឋានន្តរស័ក្តិពី ផ្កាយ៣ មកជា «ពលបាលត្រី» កាលពីពេលថ្មីៗនេះ។

យោងតាមសុំណើររបស់ លោក យិន គារ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសំណើសុំអនុគ្រោះជួយសម្រួលពិនិត្យសារធាតុញៀន លើរូបលោកឡើងវិញ។
ក្នុងនោះលោក យិន គារ បានបញ្ជាក់ថា៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង៣០នាទី នៅជាន់ទី៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រូបលោកបានចូលរួមពិនិត្យសារធាតុញៀន នៅពេលនោះរូបលោកយកទឹកមូតចេញពីបន្ទប់ទឹក ទៅជូនក្រុមការងារ ហើយមិនបានបិទលេខកូដទេ ពេលនោះបានពឹងក្រុមការងារឲ្យបិទលេខកូដឲ្យ ដោយសារមានការប្រញាប់មកបំពេញការងារនៅបន្ទប់វិញ ហើយពេលនោះក៏មិនបានឃើញលទ្ធផលសារធាតុញៀននោះផ្ទាល់ខ្លួនផងដែរ។
លោក យិន គារ បានបន្ថែមទៀតថា៖ លុះព្រឹកឡើងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លោកប្រធាននាយកដ្ឋានរដ្ឋបាល.សរុប នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានមកជួបនៅបន្ទប់ធ្វើការ ហើយប្រាប់ថា ទឹកនោមរបស់លោកមានបញ្ហា សូមពិនិត្យម្តងទៀត ពេលនោះលោកប្រធាននាយកដ្ឋានរដ្ឋបាល.សរុប យកឧបករណ៍ត្តេស ចំនួន ០២កុំប្លេ មកសុំពិនិត្យម្តងទៀត ពេលនោះលទ្ធផលឃើញថា អវិជ្ជមានទាំង ០២លើក។
លុះដល់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ រូបលោកបានទទួលព័ត៌មានថា ខ្លួនត្រូវបានអង្គភាពជំនាញ រាយការណ៍ជូនថ្នាក់ដឹកនាំថា ខ្លួនមានសារធាតុញៀនត្រូវបំពេញបែបបទអនុវត្តវិន័យ និងអនុវត្តតាមច្បាប់។ លោកសូមអះអាងថា៖ លោកពីមុនរហូតមកដល់បច្ចុប្បន្ន ពុំដែលមានការជាប់ពាក់ព័ន្ធនិងគ្រឿញៀន ពិសេសគឺពុំដែលបានស្គាល់ឬប្រើប្រាស់គ្រឿងញៀនម្តងណាឡើយ។ លោកសូមសំណូមពរ ដ៏ខ្ពង់ខ្ពស់បំផុត ឯកឧត្តម អភិសន្តិបណ្ឌិត មេត្តាអនុគ្រោះឲ្យអង្គភាពសមត្ថកិច្ចជំនាញ ពិនិត្យសារធាតុញៀនជាថ្មីឡើងវិញ។ ប្រសិនបើការពិនិត្យ ឃើញថាមានសារធាតុញៀន សូមប្រគល់ខ្លួនជូន ក្រសួង នឹងស្ថាប័នមានសមត្ថកិច្ចអនុវត្តតាមច្បាប់ដោយឥតលក្ខខណ្ឌ។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិ លោកយិន គារ អត្តលេខ ០១០២៦ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ឲ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី «មន្ត្រីនគរបាលកម្រិតទាបបំផុត» ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៕


- Share This Post:






