ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ ហាមឃាត់ការលេងល្បែងស៊ីសង ជះទឹក គប់ស្បោងទឹក លាបធ្យូង ឬប៉ាតម្សៅដល់អ្នកដំណើរ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ

    BY Khmernote Media March 18, 2024
    រដ្ឋបាលរាជធានីភ្នំពេញ ហាមឃាត់ការលេងល្បែងស៊ីសង ជះទឹក គប់ស្បោងទឹក លាបធ្យូង ឬប៉ាតម្សៅដល់អ្នកដំណើរ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង១០៥ ពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ។

    រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅរាជធានីភ្នំពេញ តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងមនោសញ្ចេតនាសប្បាយរីករាយ ប្រកបដោយស្មារតី សាមគ្គីភាពជិតស្និទ្ធ និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅក្រៃលែង។

    ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង ១០៥ ត្រូវ៖

    -ណែនាំដល់ប្រជាពលរដ្ឋឱ្យដោតទង់ជាតិនៅគ្រប់គេហដ្ឋាន ត្រៀមរៀបចំគ្រឿងសក្ការៈបូជា មានផ្កាភ្ញី ទៀន និងធូបជាដើម សម្រាប់ថ្វាយព្រះរតនៈត្រ័យ នឹងរៀបចំពលីការដ៏សមរម្យ មាននំចំណី ផ្លែឈើជាអាទិ៍ ដើម្បីទទួល ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

    -យកចិត្តទុកដាក់ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព និង បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមមូលដ្ឋានរបស់ខ្លួន និងណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រាន ការប្រើប្រាស់ ហ្គាស និងចរន្តអគ្គិសនី ដែលអាចនាំឱ្យមានគ្រោះអគ្គិភ័យណាមួយកើតឡើងជាយថាហេតុ។

    ហាមឃាត់ និងទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬ ទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬ ប៉ាតម្សៅ និងការវាយដោយ រំពាត់ ឬ ឧបករណ៍រឹងផ្សេងៗដល់អ្នកដំណើរគ្រប់ប្រភេទ

    -ហាមឃាត់ និងទប់ស្កាត់ការនាំចូល ចែកចាយ ទិញលក់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទដែលបង្កឱ្យ មានការភ្ញាក់ផ្អើល អសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ

    -បំផុសឱ្យមានការតុបតែងលម្អភ្លើងពណ៌ តាមដើមឈើឱ្យបានព្រោងព្រាត នៅមុខទីស្នាក់ការ របស់មន្ទីរ អង្គភាពរដ្ឋ ឯកជន និងគ្រប់គេហដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ

    -សហការជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ និងគណៈកម្មការអាចារ្យវត្ត ដើម្បី បង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ បានបំពេញកុសលតាមសទ្ធាជ្រះថ្លា និង រៀបចំពិធីតាមទំនៀមទម្លាប់ប្រពៃណី និងសាសនារបស់ជាតិ ព្រមទាំងត្រៀមចាត់កម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតាមវត្តអារាមនីមួយៗ ជាពិសេស ដើម្បីជួយសម្រួលចរាចរណ៍យានយន្តពុទ្ធបរិស័ទ ចូលក្នុងបរិវេណវត្តអារាម ឱ្យបានឆាប់រហ័សចៀសវាងការកកស្ទះចរាចរណ៍នៅតាមដងផ្លូវមុខវត្តអារាម និងរៀបចំចំណតយានយន្តនៅតាមវត្តអារាម ឱ្យបានសមរម្យ

    -សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូល សម្អាត និងដឹកជញ្ជូនសំរាមទាំង ០៣ ឱ្យបង្កើនការបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមចេញពីរាជធានីភ្នំពេញ ឱ្យទាន់ពេលវេលា ដើម្បីធានាបាននូវបរិស្ថាន និងអនាម័យស្អាតគ្រប់គ្រង តាមដានព័ត៌មាន និងក្តាប់ឱ្យបាននូវរាល់សភាពការណ៍ផ្សេងៗ ដែលនឹងអាចកើតមានឡើងនៅក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីងាយស្រួលក្នុងការអន្តរាគមន៍ទាន់ពេលវេលា ។

    សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ នឹងប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តដូចតទៅ៖

    -ថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២៖១៧នាទីយប់ (ម៉ោង ១០៖១៧នាទីយប់) ជាថ្ងៃចូលឆ្នាំថ្មី

    -ថ្ងៃអាទិត្យ ៦កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃវ័នបត

    -ថ្ងៃចន្ទ ៧កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃវ័នបត

    -ថ្ងៃអង្គារ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃឡើងស័ក គម្រប់សង្ក្រាន្ត ០៤ថ្ងៃចប់ដោយបរិបូណ៌ និងចូលឆ្នាំរោង ឆស័ក តរៀងទៅ ៕

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay