សមត្ថកិច្ចចម្រុះជិត ៨០០នាក់ បន្តចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយឃ្លុំដីបានចំនួន ៥១៥ហិកតា ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
- March 18, 2024
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា សមត្ថកិច្ចចម្រុះចំនួន ១០ក្រុម សរុប៧៨៩នាក់ មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការនគរបាលជាតិ និងកងម្លាំងនៃបញ្ជាការកងឯកភាពខេត្ត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ បានបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។

ប្រតិបត្តិការនៃកម្លាំងចម្រុះ សម្រេចបានឃ្លុំដីបានចំនួន ៥១៥ហិកតា និងបានដកហូត ផាល ត្រាក់ទ័រ (ទុកនៅបុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប) ២គ្រឿង, រណា៨យន្ត៖ ១គ្រឿង, បានរឹបអូសវត្ថុតាងមាន តង់កៅស៊ូ៖ ១០តង់, រោងប្រក់សង្ក័សី៖ ៩ខ្នង, រោងប្រក់ស្លឹក៖១ខ្នង, ដើមដំឡូង៖ ៣៧០បាច់, ដើមចេក៖ ៧០គុម្ភ, បង្គោលរបងថ្ម៖ ២០បង្គោល, បង្គោលរបងឈើ៖ ៧០បង្គោល។
ដោយឡែកនៅក្នុងពេលចុះអន្តរាគមន៍កម្លាំងចម្រុះ បានរុះរើ សំណង់ខុសច្បាប់៖ ៣ខ្នង រោងប្រក់ស្លឹក៖ ២ខ្នង បង្គោលរបង៖ ១២២ដើម និងបានស៊ើបអង្កេតអត្តសញ្ញាណកសាងសំណុំរឿង ២ករណី (នៅចំណុចកូនភ្នំកណ្ដាល) ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់៕











ប្រភព៖ Ministry of Environment
- Share This Post:






