ព័ត៌មានជាតិ

គណៈកម្មការគ្រប់គ្រងរមណីយដ្ឋានទឹកជួរកាំពី ណែនាំឱ្យអាជីវករលក់ម្ហូបអាហារ មិនត្រូវរត់ស្ទាក់ ឈរបាំងរថយន្ត ឬគោះរថយន្តភ្ញៀវទេសចរទេ ជៀសវាងរញ៉េរញ៉ៃបង្កគ្រោះថ្នាក់

BY
Khmernote Media
March 18, 2024

ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្ដក្រចេះ បានឱ្យដឹងថា ព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងរមណីយដ្ឋានទឹកជួរកាំពី ចុះពន្យល់និងណែនាំបងប្អូនអាជីវករ ដែលបង្កឲ្យមានភាពរញ៉េរញ៉ៃដល់ការធ្វើដំណើររបស់ភ្ញៀវ និងតម្លៃលើមុខម្ហូបដែលផ្តល់ជូនភ្ញៀវទេសចរ ធ្វើឲ្យមានការរិះគន់ពីភ្ញៀវមកលេងកម្សាន្ត នៅរមណីយដ្ឋានទឹកជួរកាំពី ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងរមណីយដ្ឋានទឹកជួរកាំពី បានណែនាំដល់បងប្អូនអាជីវករត្រូវអនុវត្តនូវវិធានការមួយចំនួន៖
– មិនត្រូវរត់ស្ទាក់ ឬឈរបាំងរថយន្ត នៅពេលឆ្លងកាត់ ជៀសវាងភាពរញ៉េរញ៉ៃ និងអាចបង្កគ្រោះថ្នាក់
– ហាមគោះរថយន្តភ្ញៀវទេសចរ
-ហាមលក់លើសតម្លៃកំណត់របស់គណៈកម្មាការ
-ម្ហូបអាហារត្រូវរៀបចំឲ្យមានអនាម័យត្រឹមត្រូវ
-ត្រូវសម្អាតទីតាំងអាជីវកម្មឲ្យបានស្អាតជាប្រចាំ។

លោក ម៉ែន វណ្ណា ប្រធានគណកម្មាការបន្តថា៖ រដ្ឋបាលខេត្ត ដែលមានគណៈកម្មការគ្រប់គ្រងរមណីយដ្ឋាន និងមានក្រុមការងារចុះពិនិត្យឃ្លាំមើលជាប្រចាំ ប្រសិនបើជានៅបន្តមានករណីខាងលើកើតមានឡើងទៀត រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មាការ នឹងចាត់វិធានការទៅតាមលក្ខន្តិកៈច្បាប់បានកំណត់ អាចឈានទៅនិងការបញ្ឈប់មុខរបបទាំងនេះ ហើយក៏បានថ្លែងអំណរគុណចំពោះបងប្អូនភ្ញៀវទេចរដែលបានអញ្ជើញមកលេងកម្សាន្ត និងបានផ្តល់ព័ត៌មានមតិយោបល់ ក្នុងន័យស្ថាបនានិងកែលម្អ ដើម្បីឲ្យវិស័យទេចរខេត្ត មានការអភិវឌ្ឍប្រកបដោយគុណភាព និងជួយលើកកម្ពស់សេដ្ឋកិច្ចប្រជាជននៅក្នុងមូលដ្ឋានឲ្យមានជីវភាពធូធារ តាមរយៈការផ្តល់សេវាកម្ម ក្នុងវិស័យទេសចរណ៍ ៕

ប្រភព៖ រដ្ឋបាលខេត្ដក្រចេះ

Share This Post: