នៅម៉ាឡេស៊ី មានសេវាកម្មលាងត្របកភ្នែក បច្ចេកទេសបែបបុរាណ ដំណើរការជាង៨០ឆ្នាំមកហើយ
ភាគច្រើនយើងទាំងអស់គ្នាតែងតែថែរក្សាអនាម័យផ្ទាល់ខ្លួន ប៉ុន្តែមានផ្នែកខ្លះទៀតគឺយើងមិនអាចមើលឃើញ និងសម្អាតបានដោយខ្លួនឯងបាននោះទេ ហើយមួយក្នុងចំណោមនោះគឺភ្នែករបស់យើងតែម្តង។ យោងតាមសារព៌តមាន Guang Ming Daily បានឱ្យដឹងថា ហាងតូចមួយនៅរដ្ឋ Penang របស់ម៉ាឡេស៊ី កំពុងបម្រើជូននូវសេវាចម្លែកមួយគឺ «លាងសម្អាតភ្នែក» ។ ជាការពិតហាងនេះគឺដំណើរការ ៨០ឆ្នាំ មកហើយ ជាមួយនឹងបច្ចេកទេសបុរាណតពីមួយជំនាន់ទៅមួយជំនាន់ ហើយអ្នកតជំនាន់សព្វថ្ងៃគឺជាស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់។

អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺហាងនេះត្រូវបានបើកដំណើរការ ៨០ឆ្នាំ មកហើយ ជាមួយនឹងសេវាកម្មដូចជា៖ លាងត្របកភ្នែក ច្រមុះ និងត្រចៀក។ ជំនាញលាងត្របកភ្នែកនេះ គឺត្រូវបានបង្រៀនបន្តពីស្ថាបនិក Huang Congzhao រយៈពេល ៤ជំនាន់ មកហើយ។ យ៉ាងណាមិញស្ត្រីឈ្មោះ Huang Baomei វ័យ ៣០ឆ្នាំ ម្នាក់នេះ គឺជាជនជាតិម៉ាឡេស៊ីតែមួយគត់ដែលត្រូវបន្តវេន។ នាង Baomei គាត់ត្រូវបានគេដាក់នាមថា ជា «Eye-Washing Master» ដែលជាអ្នកជំនាញលាងសម្អាតត្របកភ្នែកយ៉ាងស្ទាត់ជំនាញ។
បើតាមអ្វីដែលរូបភាពបានបង្ហាញ ការលាងសម្អាតត្របកភ្នែកនេះហាក់ដូចជាឈឺចុកចាប់ខ្លាំងណាស់ ប៉ុន្តែភ្ញៀវដែលបានមកសម្អាតបានប្រាប់ថា វាមិនឈឺដូចដែលមើលឃើងនោះទេ។ ពួកគេក៏បានឱ្យដឹងដែរថា ការលាងសម្អាតនេះគឺដើម្បីសម្អាតធូលី សក់ គ្រឿងសម្អាង និងផ្សេងៗទៀត ដែលយើងរាល់គ្នាមិនអាចលាងវា ឬមើលឃើញដោយខ្លួនឯងបាន។ ពួកគេក៏បានឱ្យដឹងដែរថា ពេលសម្អាតរួចពួកគេមានអារម្មណ៍ស្រស់ថ្លា ចក្ខុភ្នែកល្អជាងមុន ហើយវាជួយបង្កើនសមត្ថភាពចក្ខុរបស់អ្នកខ្សោយភ្នែក ឬអ្នកមីញ៉ូប៕



អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz