ព័ត៌មានជាតិ

កម្ពុជា ជាប្រទេសដំបូងគេក្នុងតំបន់ ដែលមានផ្លូវរត់តាមបណ្ដោយឆ្នេរដ៏ស្រស់ស្អាត

BY
Khmernote Media
March 20, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានឱ្យដឹងថា ផ្លូវរត់តាមបណ្ដោយឆ្នេរនៃក្រុងព្រះសីហនុ គឺស្រស់ស្អាតខ្លាំង ពិសេសក្រោយការជួសជុល និងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធជាច្រើនរបស់រាជរដ្ឋាភិបាល បើធៀបព្រឹត្តិការណ៍កីឡាបណ្ដាប្រទេសក្នុងតំបន់ មិនទាន់មានផ្លូវរត់តាមឆ្នេរស្អាតបែបនេះឡើយ។

នេះបើតាមប្រសាសន៍របស់ឯកឧត្តមវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីទិរត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៩ នៅខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមីនានេះ ខណៈព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ នឹងត្រូវរៀបចំផ្លូវការនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ដោយចេញដំណើរ និងបញ្ចប់ នៅតំបន់ឆ្នេរអូរឈើទាល ស្របពេលគណៈកម្មការរៀបចំ ក៏បានចាប់ផ្ដើមទទួលពាក្យចូលរួមឡើងវិញផងដែរ ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមបន្ថែមទៀត។

ឯកឧត្តមបានបន្តបែបនេះទៀតថា៖ ផ្លូវរត់ស្អាត បើគ្មានការចូលរួមពីប្រជាពលរដ្ឋ ក៏មិនអាចរុញឲ្យព្រឹត្តិការណ៍កីឡាមួយទទួលបានជោគជ័យដែរ។ ហេតុនេះ ឯកឧត្តមបានស្នើឲ្យមានការយោគយល់ និងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមឲ្យបានច្រើន ជាពិសេសអ្នកខេត្តព្រះសីហនុ រួសរាន់ចុះឈ្មោះចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៩ នៅក្រុងព្រះសីហនុឲ្យបានច្រើនកុះករ ដើម្បីរួមគ្នាបង្ហាញពីសក្ដានុពលឆ្នេរសមុទ្រកម្ពុជា និងឈានទៅរកការប្រកួតប្រជែងព្រឹត្តិការណ៍កីឡាតាមតំបន់ឆ្នេរក្នុងតំបន់។

គួរបញ្ជាក់ផងដែរថា៖ មកទល់ពេលនេះ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៩ នៅខេត្តព្រះសីហនុ បានទទួលអ្នកចុះឈ្មោះជាង ១,១៦០នាក់ហើយ ក្នុងនោះមានអ្នករត់ចម្ងាយ ២១គីឡូម៉ែត្រ ជាង ២៥០នាក់, អ្នករត់ចម្ងាយ ១០គីឡូម៉ែត្រជាង ៤៥០នាក់, អ្នករត់ចម្ងាយ ៥គីឡូម៉ែត្រជិត ៣០០នាក់ និងអ្នករត់កម្សាន្ដជាង ៣០០នាក់។

ក្នុងចំណោមអ្នកចុះឈ្មោះសរុប ក៏មានជនបរទេសជាង ២០០នាក់ផងដែរ។ យ៉ាងណាមិញ គណៈកម្មាធិការម៉ារ៉ាតុង នៅតែបន្ដទទួលពាក្យ រហូតដល់ថ្ងៃទី០៥-០៦ ខែមេសា ដើម្បីផ្ដល់សម្ភារជូនអ្នកចុះឈ្មោះ នៅទីតាំងឆ្នេរអូឈើទាលផ្ទាល់តែម្ដង៕

ប្រភព៖ Cambodia 2023

Share This Post: