សហភាពអឺរ៉ុបពិន័យក្រុមហ៊ុន Google ១.៦៩ ពាន់លានដុល្លារ ពីបទរំលោភបំពានលើការផ្សាយពាណិជ្ជកម្ម
គណៈកម្មការសហគមន៍អ៊ឺរ៉ុបបានផាកពិន័យ Google ចំនួន ១.៤៩ ពាន់លានអឺរ៉ូ (ស្មើនឹង ១.៦៩ ពាន់លានដុល្លារអាមេរិក) លើអ្វីដែលខ្លួនហៅថា «ការអនុវត្តបំពានលើការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត»។ គណៈកម្មការការប្រកួតប្រជែងលោកស្រី Margrethe Vestager បាននិយាយថា Google បានការពារខ្លួនពីសម្ពាធប្រកួតប្រជែង ដោយដាក់កិច្ចសន្យាផ្សាយពាណិជ្ជកម្មផ្តាច់មុខជាមួយអ្នកបង្ហោះការផ្សាយពាណិជ្ជកម្ម។ ពោលគឺ Google បិទមិនឱ្យឃើញពាណិជ្ជកម្មរបស់ដៃគូប្រជែងតាមរយៈ search engine របស់ខ្លួន ហើយវាគឺខុសនឹងច្បាប់របស់សហភាពអឺរ៉ុបលើការប្រឆាំងនឹងការទុកចិត្ត។ ក្រុមហ៊ុន Google ធ្វើដូច្នេះតាមរយៈសេវាកម្ម AdSense របស់ខ្លួន ដែលវាគ្របដណ្ដប់ទីផ្សារអឺរ៉ុប ៧០ភាគរយ ក្នុងរយៈពេល ១០ ឆ្នាំមកហើយ។

សហភាពអឺរ៉ុបបាននិយាយថា តួរលេខផាកពិន័យមកលើ Google ត្រូវបានគណនាដោយផ្អែកលើមូលដ្ឋានគ្រឹះនៃតម្លៃប្រាក់ចំណូលពីការផ្សព្វផ្សាយតាមអ៊ិនធឺរណិតនៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប ដែល Google គ្រប់គ្រងជាយូរមកហើយ។ យ៉ាងណាមិញលោក Kent Walker អ្នកគ្រប់គ្រងក្រុមហ៊ុន Google ផ្នែកកិច្ចការសកលបានប្រាប់មក Engadget នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងតែងតែយល់ស្របថា ទីផ្សារល្អ និងរីកចម្រើន នឹងស្ថិតនៅក្នុងការចាប់អារម្មណ៍របស់អ្នកគ្រប់គ្នា» «យើងបានធ្វើការផ្លាស់ប្តូរយ៉ាងទូលំទូលាយនៃផលិតផលរបស់យើង ដើម្បីដោះស្រាយបញ្ហាកង្វល់របស់គណៈកម្មការ ហើយក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ យើងនឹងធ្វើឱ្យការ Update បន្ថែមទៀត ដើម្បីផ្តល់ចក្ខុវិស័យកាន់តែប្រសើរដល់គូប្រជែងនៅអឺរ៉ុប»។

អត្ថបទ៖ លីដា
ប្រភព៖ engadget