ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រកឃើញថង់ប្លាស្ទិកជាង ៤០គីឡូ ក្នុងសាកសពត្រីបាឡែន

    BY autoadmin March 21, 2019
    រកឃើញថង់ប្លាស្ទិកជាង ៤០គីឡូ ក្នុងសាកសពត្រីបាឡែន

    សាកសពត្រីបាឡែនមួយក្បាលត្រូវបានរកឃើញថា ពោរពេញទៅដោយសារថង់ប្លាស្ទិកចំនួន ៤០គីឡូក្រាម នៅក្នុងក្រពះរបស់វា។ ក្រុមអ្នកជីវសាស្ដ្រ និងអ្នកស្ម័គ្រចិត្តមកពីសារមន្ទីរ D’Bone Collector ក្នុងទីក្រុង Davao នៃកោះ Mindanao ប្រទេសហ្វីលីពីន បានធ្វើការសិក្សាស្រាវជ្រាវទៅលើសាកសពត្រីបានឡែននេះ និងបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារពួកគេបានរកឃើញមូលហេតុនៃការស្លាប់យ៉ាងឃោរឃៅរបស់វា។

    នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅទំព័រ Facebook របស់ពួកគេសារមន្ទីរបាននិយាយថា ពួកគេរកឃើញថង់ប្លាស្ទិកចំនួន ៤០គីឡូក្រាម រួមទាំងបាវអង្ករចំនួន ១៦ និងថង់ទំនិញផ្សេងៗទៀត។ ការធ្វើកោសល្យវិច័យក៏បានបង្ហាញយ៉ាងច្បាស់ថា ត្រីបាឡែននេះគឺពិតជាស្លាប់ដោយសារសំរាមមែន! ដោយសារក្រពះរបស់វាព្យាយាមកិនសំរាមទាំងនោះ ហើយវាគឺជាស្នាដៃរបស់មនុស្សដែលតែងតែចោលកាកសំណល់ទៅក្នុងសមុទ្រ។

    លោក Darrell Blatchley អ្នកជីវសាស្រ្តសមុទ្រក៏បានឱ្យដឹងដែរថា ត្រីបាឡែន និងផ្សោតចំនួន ៥៧ ត្រូវបានស្លាប់ ដោយសារសំរាមក្នុងរយៈពេល ១០ឆ្នាំ នៃការពិនិត្យ និងធ្វើកោសល្យវិច័យរបស់ក្រុមពួកគេ។ គាត់បានបន្ថែមថា វាពិតជាគួរឱ្យស្អប់ខ្ពើមខ្លាំងណាស់ រដ្ឋាភិបាលគួរតែចាត់វិធានការឱ្យបានតឹងរុឹងបំផុតចំពោះបញ្ហាចោលសំរាមទៅក្នុងសមុទ្រនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ msn

    Share This Post: