សង្គម

ភ្ញៀវទេសចរគ្រប់ជាតិសាសន៍រាប់ពាន់នាក់ ឈររង់ចាំផ្តិតយកទិដ្ឋភាព ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត

BY
Khmernote Media
March 21, 2019

ព្រឹត្តិការណ៍ “សមរាត្រីនៅប្រាសាទអង្គរវត្ត ឬហៅថា Angkor Equinox” ដែលកើតមានឡើង២ដងក្នុងមួយឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ដោយឡែកនៅខែមីនានេះ ព្រឹត្តិការណ៍នេះ ត្រូវបានគេព្យាករណ៍ថានឹងកើតឡើងនៅចន្លោះថ្ងៃទី២០-២២ ខែមីនា វេលាម៉ោង ៥៖០០នាទី ដល់ម៉ោង ៧៖០០នាទីព្រឹក។

ជាក់ស្តែងណាស់ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តមិនធ្វើឱ្យអ្នកទស្សនាខកបំណងឡើយ ដោយ ព្រឹត្តិការណ៍សមរាត្រី រដូវប្រាំង បានបង្ហាញវត្តមាន កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៦.៣០នាទី ដោយមានអ្នកទស្សនាជាតិ-អន្តរជាតិជាច្រើនពាន់នាក់រង់ចាំផ្តិតយកទិដ្ឋភាពដ៏អស្ចារ្យមួយនេះ។ ដោយមានភ្ញៀវទេសចរជាច្រើនពាន់នាក់បានកោតសរសើរចំពោះភាពស្រស់ស្អាតនៃធម្មជាតិជះពន្លឺមាសមកលើកំពូលប្រាសាទអង្គរវត្ត។ សូមបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ប្រភព និងរូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

ដោយ៖ ណារ៉ែន

Share This Post: