សង្គម

ព្រឹកនេះ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមបេីក​ការដ្ឋានសាងសង់ហើយ

BY
Khmernote Media
March 22, 2019

នៅព្រឹកថ្ងៃសុក្រ ២កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ-ក្រុងព្រះសីហនុ ដោយត្រូវចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

មុនសម្រេចសាងសង់ផ្លូវនេះ គឺត្រូវចំណាយពេលសិក្សាអស់ជាច្រើនឆ្នាំ តាំងពីឆ្នាំ២០០៦មកម្ល៉េះ។ ដំបូងឡើយរាជរដ្ឋាភិបាលកម្ពុជាគ្រោងខ្ចីថវិការបស់រដ្ឋាភិបាលចិន ដើម្បីសាងសង់ផ្លូវនេះ តែដោយសារគម្រោងត្រូវការថវិការហូតដល់ ២ពាន់លានដុល្លារអាមេរិក ដែលធំជាងពិដាននៃការខ្ចីប្រចាំឆ្នាំអនុញ្ញាតដោយច្បាប់ និងកំណត់នៅក្នុងយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ២០១៥-២០១៨ ក៏សម្រេចឲ្យមានការវិនិយោគតាមរូបភាពសាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ ជំនួសវិញ។ ផ្លូវនេះ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ពេលដាក់អោយដំណើរការនោះ ក្រុមហ៊ុនក៏បានឯកភាពមិនយកថ្លៃយានយន្តគ្រប់ប្រភេទ ដែលបើកបរលើផ្លូវល្បឿនលឿននេះ ក្នុងរយៈពេល១ ខែដំបូង និងបញ្ចុះតម្លៃ២០% សម្រាប់រយៈពេល១ឆ្នាំថែមទៀត។ លើសពីនេះទៀត ក្រុមហ៊ុនបានយល់ព្រមកែសម្រួលកម្រៃសេវាឆ្លងកាត់ក្នុងរយៈពេល ៥ឆ្នាំម្តង នៃប្រតិបតិ្តការអាជីវកម្មរបស់ខ្លួនផងដែរ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ៕

ប្រភព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

Share This Post: