សង្គម

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ អាចបើកបរបានល្បឿនរហូតដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុងមួយម៉ោង

BY
Khmernote Media
March 22, 2019

កំពង់ស្ពឺ៖ ព្រឹកថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ- ក្រុងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម ខុង សៀនយ៉ូវ (Kong Xuanyou) អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន អាជ្ញាធរដែនដី មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នេះ មានប្រវែងសរុប ១៩០គ.ម​ ០១០ម ដោយតភ្ជាប់ពីភូមិទី១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិទី១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ (ប្រវែង ៨,៣០គ.ម) ខេត្តកណ្តាល (ប្រវែង ៩,១០គ.ម) ខេត្តកំពង់ស្ពឺ (ប្រវែង ៨០,៨០គ.ម) ខេត្តកោះកុង (ប្រវែង ១,៩២គ.ម) និងខេត្តព្រះសីហនុ (ប្រវែង ៨៩,៨៩គ.ម) ដែលមានទទឹងតួផ្លូវសរុប ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ហើយគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុងមួយម៉ោង។

ផ្លូវល្បឿនលឿននេះ មានរៀបចំខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ សាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូចចំនួន ៥កន្លែង (ប្រវែងសរុប ១០៥ម៉ែត្រ) ស្ពានធំ និងស្ពានមធ្យមចំនួន ៨០កន្លែង (ប្រវែងសរុប ៦.០១៥ម៉ែត្រ) និងសាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៦កន្លែង ផ្លូវប្រសព្វចំនួន ២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿនចំនួន ២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន ២០កន្លែង សាងសង់តំបន់សេវាកម្ម (ចំណតឈប់សម្រាក) ចំនួន ៣កន្លែង ចំណតរថយន្តចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ ចំនួន ៤កន្លែង និងបញ្ជរបង់ប្រាក់ ចំនួន ៨កន្លែង ព្រមទាំងបំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ផងដែរ៕

ប្រភព និងរូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

Share This Post: