ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ត្រីនៅនូវែលសេឡង់ពាក់កន្សែងរុំក្បាល ដើម្បីជាការគោរពដល់វិញ្ញាណជនជាតិម៉ូស្លីមដែលបានស្លាប់ក្នុងការបាញ់ប្រហារនៅទីក្រុង Christchurch

    BY autoadmin March 22, 2019
    ស្ត្រីនៅនូវែលសេឡង់ពាក់កន្សែងរុំក្បាល ដើម្បីជាការគោរពដល់វិញ្ញាណជនជាតិម៉ូស្លីមដែលបានស្លាប់ក្នុងការបាញ់ប្រហារនៅទីក្រុង Christchurch

    កាលពីសប្តាហ៍មុនភេរវករម្នាក់បានបាញ់ប្រហារទៅលើវិហារអ៊ីស្លាម ២ទីតាំង នៅទីក្រុង Christchurch ប្រទេសនូវែលសេឡង់ ដោយបានសម្លាប់មនុស្ស ៥០នាក់ និងរបួសរាប់សិបអ្នកទៀត។ សម្រាប់ក្នុងថ្ងៃសុក្រនេះ ស្ត្រីនៅទូទាំងប្រទេសបានធ្វើការគ្រងកន្សែងរុំក្បាល ដែលវាស្រដៀងទៅនឹងកន្សែងរុំបែបប្រពៃណី (Hijab) របស់ស្ត្រីម៉ូស្លីម ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះជនរងគ្រោះ និងសាសនាអ៊ីស្លាម។ ការពាក់ឈុតហ៊ីចាប់គឺជាប្រពៃណីអ៊ីស្លាមដែលស្ត្រីម៉ូស្លីមតែងតែអនុវត្ត ព្រោះវាជាសញ្ញានៃអត្តសញ្ញាណរបស់ពួកគេ។

    សម្រាប់ស្ត្រីដែលមិនមែនជាជនជាតិម៉ូស្លីម ការពាក់កន្សែងរុំដើម្បីជាការគោរពដល់ជនរងគ្រោះដែលបានស្លាប់ក្នុងការបាញ់ប្រហារនេះ គឺជានិមិត្តរូបនៃក្ដីស្រឡាញ់ កម្លាំង និងសាមគ្គីភាពនៅក្នុងពេលវេលាដ៏អួលអាក់មួយនេះ។ យ៉ាងណាមិញស្ត្រីនូវែលសេឡង់ជាច្រើនបាប្រាប់មក CNN អំពីមូលហេតុដែលពួកគេសម្រេចចិត្តចូលរួមក្នុងចលនានេះថា ជនរងគ្រោះទាំងនោះគឺជាជនជាតិនូវែលសេឡង់ដូចពួកយើង ហើយយើងចង់ឱ្យមនុស្សជំនាន់ក្រោយយល់ថា ទោះបីពួកយើងមិនមែនកើតមកក្នុងសាសនាដូចគ្នា ប៉ុន្តែពួកយើងគឺរស់នៅស្មើរភាពគ្នា។

    ស្ត្រីទាំងនោះបានបន្តថា ពួកយើងចង់ឱ្យជនជាតិម៉ូស្លីមដឹងថា យើងក៏ដូចជាពួកគេ គោរព និងស្រឡាញ់ពួកគេ ហើយមនុស្សអាក្រក់តែម្នាក់ មិនបានតំណាងឱ្យយើងទាំងអស់គ្នានោះទេ។ សម្រាប់ស្ត្រីជាជនជាតិម៉ូស្លីមដែលមិនហ៊ានពាក់ឈុតហ៊ីចាប់ប្រឈមមុខទៅខាងក្រៅ បន្ទាប់ពីមានរឿងដ៏សោកសៅមួយនេះ យើងគិតថា អ្នកមិនគួរតែភ័យខ្លាចអ្វីដែលជាខ្លួនអ្នក ឬអនុវត្តវប្បធម៌ ឬជំនឿរបស់ខ្លួន នៅក្នុងប្រទេសនូវែលសេឡង់នោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ cnn

    Share This Post: