សង្គម

តើរោងទង ដែលនៅក្នុងប្រាសាទបាយ័នរៀបរាប់ពីអ្វីខ្លះ? ម្តេចបានជាមានការចាប់អារម្មណ៍ពីភ្ញៀវបរទេសយ៉ាងនេះ?

BY
Khmernote Media
March 28, 2019

ប្រាសាទបាយ័នជាប្រាសាទមេនៅក្នុងទីក្រុងអង្គរធំ ដែលបានកសាងឡើងនៅក្នុងចុងសតវត្សទី១២ រហូតដល់ដើមសតវត្សទី១៣។ នៅក្នុងប្រាសាទមួយនេះមានរឿងជាច្រើន ដែលទាក់ទងទៅនឹងប្រវត្តិសាស្រ្តខ្មែរ ជាពិសេសឯកសារជាច្រើនត្រូវបានកត់ត្រាទុកតាមរយៈចម្លាក់ ដែលបានឆ្លាក់នៅលើផ្ទាំងចម្លាក់ផ្នែកខាងក្រៅជុំវិញប្រាសាទបាយ័នតែម្តង។ ប៉ុន្តែជាអកុសលផ្ទាំងចម្លាក់ភាគច្រើនត្រូវបានបំផ្លាញដោយទឹកភ្លៀង និងស្លែខៀវៗ ព្រោះទីក្រុងអង្គរធំត្រូវបានបោះបង់ចោលតាំងពីពាក់កណ្តាលសតវត្សទី ១៥មកម្ល៉េះ និងត្រូវបានដុតបំផ្លាញដោយសៀមនៅក្នុងសតវត្សតី១៦ គ្រាដែលសៀមបានកាន់កាប់ក្នុងទីក្រុងអង្គរធំរយៈពេលប្រហែល១សតវត្ស។

ទោះបីជាយ៉ាងណាក៏ដោយ ផ្នែកខ្លះនៃប្រាសាទ ជាពិសេសផ្នែកខាងកើត និង ខាងត្បូងឈាងខាងកើតនៃប្រាសាទត្រូវបានជួសជុលដោយគម្រោងរបស់រដ្ឋាភិបាលជប៉ុន(JASA) ដូចនេះភ្ញៀវទេសចរអាចចូលមើលទស្សនាបានយ៉ាងរីករាយជាមួយនឹងទិដ្ឋភាពប្រវត្តិសាស្រ្ត និងសកម្មភាពរបស់ប្រជាជនខ្មែរនៅក្នុងសម័យមុន។ បើតាមការស្រាវជ្រាវ និងការបកស្រាយរបស់អ្នកប្រវត្តិសាស្រ្តបានអោយដឹងថា ផ្ទាំងចំលាក់ដែលយើងឃើញមាននៅក្នុងទីក្រុងអង្គរធំគឹរៀបរាប់ពីសង្គ្រាមរវាងអាណាចក្រអង្គរ ជាមួយប្រទេសចំប៉ា ដែលបានកើតឡើងប្រហែលជា៤ឆ្នាំនៅចន្លោះឆ្នាំ (១១៧៧ដល់១១៨១) មុននឹងព្រះបាទជ័យវរ្ម័នទី៧ប្រកាសខ្លួនទ្រង់ថាជាស្តេចនៃផែនដី ហើយផ្នែកខ្លះនិយាយរៀបរាប់ពីជីវភាពប្រជាជនដែលរស់នៅប្រចាំថ្ងៃនៅក្នុងសតវត្សទី១២ផងដែរ។

បើតាមការមើលឃើញផ្ទាល់គឹ រាល់ចម្លាក់ទាំងអស់គឺពិតជាមានភាពរស់រវើក និងអាចអោយយើងស្រមោលស្រមៃពីអ្វីដែលបានកើតឡើងនៅក្នុងសម័យនោះផងដែរ។ នៅត្រង់ចំនុចនេះហើយ ដែលធ្វើអោយប្រាសាទបាយ័នបានក្លាយជាប្រាសាទដែលមានប្រជាប្រិយភាព និងមានភាពល្បាញល្បី រួមបញ្ចូលទាំងការសាងសង់ និងរចនាជាមួយកំពូលប្រាសាទមានមុខបួន មើលទៅដូចកំពុងតែឆ្លុះបញ្ចាំងពីវប្បធម៌ អរិយធម៌ សាសនា ប្រពៃណីទំនៀមទំលាប់របស់ខ្មែរយើងតាំងពីយូរលង់ណាស់មកហើយ។ គួរបញ្ជាក់ផងដែរថា ទីក្រុងអង្គរធំសាងសង់ឡើងដោយក្សត្រពុទ្ធសាសនិក ព្រះបាទជ័យវរ្ម័នទី៧ នៅក្នុងឆ្នាំ ១១៨១ និងជាទីក្រុងចុងក្រោយនៃរាជធានីអង្គរដែលបានចាប់ផ្តើមតាំងពីសតវត្សទី៩ រហូតដល់សតវត្សទី១៥ បើគិតទៅប្រហែល ៥០០ឆ្នាំ ៕


អត្ថបទ៖ សុគុណា

Share This Post: