សង្គម

កម្ពុជា នឹងមានរោងចក្រផលិតអគ្គិសនីដោយ ថាមពលព្រះអាទិត្យ និងខ្យល់ នាពេលឆាប់ៗខាងមុខនេះ

BY
Khmernote Media
March 22, 2019

យោងតាមប្រភពព័ត៌មានពីក្រសួងព័ត៌មានបានអោយដឹងថា កម្ពុជា នឹងមានរោងចក្រផលិតអគ្គិសនីដោយថាមពលព្រះអាទិត្យ និងខ្យល់ ឆាប់ៗនេះ តាមរយៈជំនួយរបស់រដ្ឋាភិបាលចិន។ ប្រភពព័ត៌មានដដែលបានបន្តអោយដឹងដែរថា កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តម គង់ ស៊ន់យូ Kong Xuanyou អនុរដ្ឋមន្រ្តីការបរទេសចិន ជាមួយនឹង ឯកឧត្តម ហោណាំហុង ឧបនាយករដ្ឋមន្រ្តី នៅវិមានសន្តិភាព ដោយ ឯកឧត្តម គង់ ស៊ន់យូ បានបញ្ជាក់ថា រដ្ឋាភិបាលចិន សន្យាជួយសាងសង់រោងចក្រទាញយកប្រភពថាមពលអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ និងខ្យល់នៅកម្ពុជា ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាស្របតាមតម្រូវការ។

គួរបញ្ជាក់ផងដែរថា ភាគីចិនបានសាងសង់វារីអគ្គិសនីមួយនៅខេត្តកោះកុង អោយកម្ពុជារួចហើយ ប៉ុន្តែដោយសារតែខ្វះខាតទឹក ក្រោយពេលកម្ពុជាមានបម្រែបម្រួលអាកាសធាតុ ធ្វើវារីអគ្គិសនីមិនអាចផលិតអគ្គិសនីដើម្បីផ្គត់ផ្គង់អោយទាន់តំរូវការ។ ដោយសារតែបញ្ហាមួយនេះទើប រដ្ឋាភិបាលចិនសម្រេចចិត្តសន្យាថានឹងជួយសាងសង់ រោងចក្រផលិតអគ្គិសនីដោយ ថាមពលព្រះអាទិត្យ និងខ្យល់ ជូនកម្ពុជាបន្ថែមទៀត។ ក្នុងឱកាសនោះដែរ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែង អំណរគុណដល់រដ្ឋាភិបាលចិនដែលគ្រោងជួយបសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ និងខ្យល់ ដែលកម្ពុជាកំពុងត្រូវការយ៉ាងខ្លាំង៕

រូបតំណាង

Share This Post: