លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បង្ហាញវត្តមានក្នុងពិធីអាពាហ៍ពិពាហ៍កូនស្រីពៅ នៅទីក្រុងហុងកុង ថែមទាំងវត្ដមានសែស្រឡាយស្តេចថៃចូលរួមទៀត
អាពាហ៍ពិពាហ៍កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទាក់ទាញការចាប់អារម្មណ៍ពីមនុស្សជាច្រើន មុនការមកដល់នៃការបោះឆ្នោតទូទៅក្នុងប្រទេសថៃ។ អាពាហ៍ពិពាហ៍នេះធ្វើនៅសណ្ឋាគារ Rosewood ក្នុងសារមន្ទីរសិល្បៈ Victoria Dockside ដែលអាចមើលឃើញពីមាត់ទន្លេ Kowloon ទីក្រុងហុងកុង ដែលប្រព្រឹត្តិធ្វើឡើងកាលពីម្សិលមិញថ្ងៃសុក្រ ទី២២ ខែមីនា។ ក្នុងនោះក៏មានវត្តមានម្ចាស់ក្សត្រីរបស់ប្រទេសថៃ Ubolratana Rajakanya បានអញ្ចើញចូលរួមផងដែរ។

កាសែត South China Morning Post ក៏បានរាយការណ៍ថា សន្តិសុខនៅសណ្ឋាគារដ៏ប្រណីត ដែលបានបើកទ្វាររបស់ខ្លួនកាលពីសប្តាហ៍មុន គឺមានភាពតឹងតែងជាពិសេសសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់នាង Paetongtarn Ing Shinawatra និងអ្នកបើកយន្តហោះជំនាញលោក Pidok Sooksawas។ ចំណែកលោក ថាក់ស៊ីន ដែលជាឪពុកក៏បានសម្ដែងនូវភាពសប្បាយរីករាយ នៅក្នុងពិធីអាពាហ៍ពិពាហ៍របស់កូនស្រីពៅ ខណៈលោកស្រី យីងឡាក់ ដែលជាប្អូនស្រីក៏មានវត្តមានក្នុងកម្មវិធី៕




អត្ថបទ៖ លីដា
ប្រភព៖ straitstimes

