កម្ពុជា កំពុងតែយកចិត្តទុកដាក់ខ្ពស់ចំពោះឧបទ្ទវហេតុនៃការក្រឡាប់ រថយន្តដឹកសារធាតុ អាស៊ីតស៊ុលហ្វូរិច ក្នុងខេត្តហ្លួងប្រាបាង ប្រទេសឡាវ
- April 9, 2024
កម្ពុជា-ឡាវ៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ក្រសួងបរិស្ថានកម្ពុជា កំពុងតែយកចិត្តទុកដាក់ក្នុងអាទិភាពខ្ពស់ ចំពោះឧបទ្ទវហេតុនៃការក្រឡាប់ រថយន្តដឹកសារធាតុអាស៊ីត ស្ថិតនៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងព្រះបាង ប្រទេសឡាវ ដែលបណ្តាលឱ្យមានការ លេចធ្លាយអាស៊ីតស៊ុលហ្វូរិច(Sulfuric Acid) ប្រមាណជា ៣០ តោន ធ្លាក់ចូលស្ទឹងណាមខាន់ ដែលស្ទឹងនេះ ហូរចូលទន្លេមេគង្គ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពគុណភាពទឹកនៅទន្លេមេគង្គ របស់ក្រសួងបរិស្ថាន នៅថ្ងៃទី០៩ ខែមេសានេះ។

ក្រសួងបរិស្ថានបានធ្វើការយកចិត្តទុកដាក់ក្នុងអាទិភាពខ្ពស់ ដើម្បីឆ្លើយតបចំពោះឧបទ្ទវហេតុនេះ ដោយបានចាត់ក្រុមការងារជំនាញចុះ ទៅធ្វើការត្រួតពិនិត្យស្ថានភាពគុណភាពទឹកទន្លេមេគង្គ នៅតាមតំបន់ព្រំដែនកម្ពុជា-ឡាវ និងយកសំណាកទឹកមកធ្វើកាវិភាគតាមដានជាប្រចាំ និងបានចាត់មន្ត្រីនៅប្រចាំការតាមដានស្ថានភាពគុណភាពទឹកនៅក្នុងទន្លេមេគង្គ ពិសេសនៅតំបន់រ៉ាមសារក្នុងខេត្តស្ទឹងត្រែង។
ជាមួយគ្នានេះដែរ ក្រសួងបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធតាមយន្តការ ដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ តាមរយៈគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលេខាធិការដ្ឋាន MRC ដើម្បីតាមដាន និងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងករណីខាងលើនេះ និងធ្វើការជូនដំណឹងជាសាធារណៈ ចំពោះការវិវត្តណាមួយពីស្ថានភាពគុណភាពទឹកទន្លេមេគង្គ ជាបន្តទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ មានឧបទ្ទវហេតុនៃការក្រឡាប់ រថយន្តដឹកសារធាតុគីមី ស្ថិតនៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងព្រះបាង ប្រទេសឡាវ ដែលបណ្តាលឱ្យមានការលេចធ្លាយអាស៊ីតស៊ុលហ្វូរិច(Sulfuric Acid) ប្រមាណជា៣០ តោន ធ្លាក់ចូលស្ទឹងណាមខាន់ ដែលស្ទឹងនេះ ហូរចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងហ្លួងព្រះបាង ហើយមានចំងាយប្រមាណ ១ ៣៧០ គីឡូម៉ែត្រពី ព្រំប្រទល់កម្ពុជា-ឡាវ៕




- Share This Post:






