សង្គម

មានដឹងអត់ថា ដើមឈើធំៗនៅក្នុងប្រាសាទតាព្រហ្ម ដែលដុះនៅលើសំណង់ប្រាសាទមានឈ្មោះអ្វី ?

BY
Khmernote Media
March 24, 2019

សព្វថ្ងៃនេះមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនបានចូលទៅទស្សនាប្រាង្គប្រាសាទខ្មែរជាច្រើននៅក្នុងតំបន់អង្គរខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃនេះយើងនឹងបង្ហាញប្រិយមិត្តអ្នកអានអំពីប្រភេទដើមឈើម្យ៉ាង ដែលដុះព័ទ្ធជុំវិញប្រាសាទតាព្រហ្ម ឬប្រាសាទព្រៃ និងភ្ញៀវបរទេសនិយមហៅប្រាសាទនេះថា ប្រាសាទTomb Raiderជាដើម។ ជាការពិតណាស់នៅក្នុងឧទ្យានអង្គរគឺមានតែប្រាសាទ២ ទៅ៣ប៉ុណ្ណោះ ដែលបារាំងបន្សល់ទុកនូវរូបរាងដើម ក្នុងគោលបំណង ដើម្បីទុកជាឧទាហរណ៍ដល់មនុស្សទាំងអស់បានយល់ និងស្រមៃឃើញពីរូបភាពរបស់ទីក្រុងអង្គរ បន្ទាប់ពីត្រូវបានបោះបង់ចោលរាប់រយឆ្នាំ។

គួរបញ្ជាក់ផងដែរថា ដើមឈើដែលដុះនៅក្នុងប្រាសាទតាព្រហ្មមានឈ្មោះថា ”ស្ពង់” ហើយដើមឈើប្រភេទនេះជាប្រភេទដើមឈើ ដែលឆាប់ធំ ហើយក៏ឆាប់ស្លាប់ទៅវិញដែរ។ មិនតែប៉ុណ្ណោះ ដើមស្ពង់អាចរស់នៅបានប្រហែលជា២៥០ឆ្នាំទៅ ៣០០ឆ្នាំ ហើយបើធៀបទៅនឹងដើមឈើផ្សេងៗនៅក្នុងតំបន់អង្គរគឺវាមានអាយុខ្លីមែនទែន ហើយឈើប្រភេទនេះយើងមិនអាចយកវាមកធ្វើជាគ្រឿងសង្ហារឹម ឬរបស់របរមានតំលៃបានឡើយ​ ព្រោះគុណភាពរបស់វាមិនសូវល្អ ហើយជាធម្មតាគេទុកវាសម្រាប់ដុតតែប៉ុណ្ណោះ។ ហើយលក្ខណៈពិសេសមួយទៀតនោះគឺដើមឈើប្រភេពនេះដុះតែនៅកន្លែងណា ដែលមានថ្មតែប៉ុណ្ណោះ ជាក់ស្តែងដូចនៅក្នុងតំបន់អង្គរអញ្ចឹងគឹ វាដុះនៅលើប្រាសាទពីលើចុះទៅក្រោម។ មិនតែប៉ុណ្ណោះនៅក្នុងរដូវប្រាំង ដើមឈើប្រភេទនេះជម្រុះស្លឹករបស់វាទាំងអស់ព្រោះពួកវាមិនអាចទ្រាំរស់នៅបានទេ ប្រសិនបើទុកស្លឹកនៅជាប់និងខ្លួន ហើយពួកវានិងលាស់ស្លឹករបស់ពួកវាវិញនៅរដូវវស្សា ដោយពេលខ្លះភ្ញៀវដែលចូលទស្សនាគិតថាដើមឈើទាំងនោះស្លាប់អស់ហើយ។

នាពេលបច្ចុប្បន្ននេះប្រាសាទតាព្រហ្មកំពុងតែស្ថិតនៅក្រោមការជួសជុលរបស់គម្រោងរដ្ឋាភិបាលឥណ្ឌា ហើយដើមឈើខ្លះអាចនឹងត្រូវយកចេញពីប្រាសាទ ប៉ុន្តែនេះគឺជាការសម្រេចចិត្តមួយដ៏ពិបាកសម្រាប់អាជ្ញាធរព្រោះពេលនេះដើមឈើទាំងនេះជាផ្នែកមួយដ៏សំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ផ្ទុយទៅវិញ ដើមឈើខ្លះកំពុងតែបំផ្លាញគ្រិះរបស់ប្រាសាទរបស់យើង៕


អត្ថបទ៖ សុគុណា

Share This Post: