មនុស្សជាច្រើនឈរជាជួរ ដើម្បីរង់ចាំបរិច្ចាគឈាមទៅដល់ជនរងគ្រោះ ក្នុងហេតុការណ៍ផ្ទុះរោងចក្រគីមីនៅចិន
បន្ទាប់ពីការផ្ទុះដ៏ធំកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា នៅរោងចក្រគីមីមួយកន្លែង ក្នុងខេត្តជាំងស៊ូ ប្រទេសចិន អ្នកស្រុកនៅជិតទីក្រុង Yancheng បានតម្រង់ជួរ ដើម្បីបរិច្ចាគឈាមរបស់ពួកគេទៅឱ្យជនរងគ្រោះ។ នៅទីតាំងដាក់ឱ្យផ្តល់ឈាមមួយកន្លែង ប្រជាជនបានឈរជាជួរទាំងពាក់កណ្ដាលអធ្រាត្រដើម្បីបរិច្ចាគឈាមរបស់ពួកគេ ដោយមានមនុស្សជាង ២០០នាក់ បានអញ្ចើញមកបរិច្ចាគឈាមតាមការសុំរបស់ក្រុមសង្គ្រោះ បន្ទាប់ពីបានទទួលដំណឹងដ៏អាក្រក់មួយនេះ។

ឈាមត្រូវបានក្រុមសង្គ្រោះត្រូវការជាចាំបាច់បំផុត នៅពេលដែលមនុស្សជាង ៦៤០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីការផ្ទុះរោងចក្រគីមីនេះ។ ប្រភពដដែលបានឱ្យដឹងថា យ៉ាងហោចណាស់មានជនរងគ្រោះចំនួន ៩០នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង ៤៧នាក់ ផ្សេងទៀតបានស្លាប់។ ខណៈពេលនេះមូលហេតុពិតប្រាកដនៃការផ្ទុះនេះមិនទាន់ត្រូវបានកំណត់នៅឡើយ ប៉ុន្តែវាត្រូវបានគេរាយការណ៍ថា មានការផ្ទុះបន្ទាប់ពីការឆេះទាក់ទិននឹងសារធាតុគីមី benzene។ ការឆេះផ្ទុះនេះបានធ្វើឱ្យរោងចក្រទាំងមូលក្លាយជាផេះ ខណៈអគារនៅម្តុំនោះក៏រងការខូចខាចច្រើន៕




អត្ថបទ៖ លីដា
ប្រភព៖ shanghai