ព័ត៌មានជាតិ
កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង ១លាន ៥សែននាក់ក្នុងត្រីមាសទី១ ខណៈចំនួនភ្ញៀវទេសចរចិនមានការកើនឡើង ៤៣ភាគរយ
BY Khmernote Media
April 25, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា តាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ដែលចេញផ្សាយនៅថ្ងៃពុធ ទី២៤ ខែមេសាសប្តាហ៍នេះ បានបញ្ជាក់ថា ក្នុងរយៈពេល ០៣ខែដំបូងនៃឆ្នាំ២០២៤នេះ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសសរុបចំនួន ១.៥៨លាននាក់ កើនឡើង ២២.៥ភាគរយពីធៀបនឹងចំនួន ១.២៩លាននាក់ក្នុងត្រីមាសទីមួយឆ្នាំមុន។

ក្នុងរបាយការណ៍ខាងលើនេះបានឱ្យដឹងថា ក្នុងចំណោមចំនួនភ្ញៀវទេសចរបរទេសខាងលើ ភ្ញៀវទេសចរចិនដែលមកកាន់ប្រទេសកម្ពុជាក្នុងឱកាសថ្ងៃឈប់ក្នុងអំឡុងខែមករា ដល់ខែមីនាមានចំនួន ១៩០,០០០នាក់ស្មើនឹង ១២ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុប កើនឡើង ៤៣ភាគរយពីចំនួន ១៣២,៦៦៥នាក់ក្នុងត្រីមាសទីមួយឆ្នាំ២០២៣។
តាមការបញ្ជាក់ក្នុងរបាយការណ៍ខាងលើ ប្រទេសចិនគឺជាប្រភពភ្ញៀវទេសចរបរទេសធំបំផុតទីបីរបស់កម្ពុជាក្នុងត្រីមាសទីមួយឆ្នាំនេះ បន្ទាប់ពីថៃ និងវៀតណាម៕


