ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងប្រុសថៃទាំង ១២ និងគ្រូបង្វឹក ដែលធ្លាប់ជាប់ក្នុងភ្នំថាំហ្លួងផ្អើលពេញពិភពលោក នឹងចុះកិច្ចព្រមព្រៀងជាមួយ Netflix

    BY autoadmin March 26, 2019
    ក្មេងប្រុសថៃទាំង ១២ និងគ្រូបង្វឹក ដែលធ្លាប់ជាប់ក្នុងភ្នំថាំហ្លួងផ្អើលពេញពិភពលោក នឹងចុះកិច្ចព្រមព្រៀងជាមួយ Netflix

    ក្មេងប្រុសថៃទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ដែលត្រូវបានជួយសង្គ្រោះពីរូងភ្នំថាំហ្លួង បន្ទាប់ពីការជាប់គាំងយ៉ាងវេទនារយៈពេល ១៨ថ្ងៃ ពេលនេះកំពុងទទួលបានការយកចិត្តទុកដាក់ពីពិភពលោក ហើយពួកគេអាចនឹងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Netflix របស់អាមេរិកទៀតផង។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយ CNN បានឱ្យដឹងថា ក្រុមហ៊ុនសេវាការផ្សាយនេះបាននិយាយថា ខ្លួនកំពុងធ្វើជាដៃគូជាមួយនឹងក្រុមហ៊ុនដែលផលិតខ្សែភាពយន្ត Crazy Rich Asians (SK Global Entertainment) និងក្រុមហ៊ុន 13 Tham Luang Company Ltd ដើម្បីប្រាប់រឿងរ៉ាវរបស់ពួកគេទៅកាន់ពិភពលោក។

    គណៈកម្មាធិការច្នៃប្រឌិតរបស់រាជរដ្ឋាភិបាលថៃ បាននឹងកំពុងពិនិត្យមើលការដេញថ្លៃជំនួសមុខឱ្យក្រុមក្មេងប្រុសទាំង​ ​១២ និងគ្រូបង្វឹករបស់ពួកគេ។ ក្រុមហ៊ុន 13 Tham Luang Company Ltd ត្រូវបានបង្កើតឡើងនៅថ្ងៃ ទី១១ ខែកុម្ភៈ ដើម្បី «ចរចាសិទ្ធិ» និងគ្រប់គ្រងឱកាសនៃប្រព័ន្ធផ្សព្វផ្សាយនាពេលអនាគតរបស់ពួកគេ។ ហើយបើយោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា កិច្ចសន្យាមិនទាន់ត្រូវបានចុះហត្ថលេខានៅឡើយទេ ប៉ុន្តែភាគីទាំងពីរបានព្រមព្រៀងគ្នាលើលក្ខខណ្ឌទាំងនេះរួចហើយ៕

    អត្ថបទ​៖ លីដា
    ប្រភព៖ cnn

    Share This Post: