អាកាសចរណ៍សិង្ហបុរី SIA រងការគំរាមបំផ្ទុះគ្រាប់បែក ខណៈចេញដំណើរត្រឡប់មកពីមុមបៃវិញ
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) បាននិយាយថា ខ្លួនកំពុងជួយដល់ក្រុមអាជ្ញាធរជាមួយនឹងការស៊ើបអង្កេតមួយ បន្ទាប់ពីមានការគំរាមកំហែងគ្រាប់បែកនៅថ្ងៃអង្គារ ទី២៦ ខែមីនា ទៅលើជើងហោះហើរ SQ423 ពីទីក្រុងមុមបៃទៅកាន់សិង្ហបុរី។ យន្ដហោះដែលដឹកអ្នកដំណើរ ២៦៣នាក់ និងយានិក ១៨ នាក់នេះ បានចុះចតនៅព្រលានយន្ដហោះ Changi នៅម៉ោង ៧ និង ៥៤នាទីព្រឹក ហើយក៏មិនមានរបាយការណ៍អំពីការខូចខាតអ្វីដែរ។

អ្នកនាំពាក្យ SIA ម្នាក់បាននិយាយថា ពួកគេកំពុងជួយដល់អាជ្ញាធរជាមួយនឹងការស៊ើបអង្កេត ហើយគួរឱ្យសោកស្តាយដែលពួកគេមិនទាន់អាចផ្តល់ព័ត៌មានលម្អិតបន្ថែមច្រើនជាងនេះ ហើយចំពោះប្រតិបត្តិការ SIA ដទៃទៀត គឺមិនមានផលប៉ះពាល់នោះទេ។ យន្តហោះ Boeing 777-300ER បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Chhatrapati Shivaji របស់ទីក្រុងមុមបៃ វេលាម៉ោង ១១ និង ៣៦នាទី យប់ (ម៉ោងក្នុងស្រុក) ហើយមកដល់សិង្ហបុរីវិញយឺតជាងការគ្រោងទុក ៣១នាទី៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia