ព័ត៌មានជាតិ

ស្នងការរាជធានីភ្នំពេញ បញ្ជាឱ្យសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនស្រ្តីម្នាក់ពាក់ឯកសណ្ឋាន​នគរបាល ដើរបោកលុយប្រជាពលរដ្ឋ

BY
Khmernote Media
May 11, 2024

រាជធានីភ្នំពេញ៖​ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការរាជធានីភ្នំពេញ សូមធ្វើការបដិសេដទាំងស្រុងចំពោះស្រ្តីនគរបាលម្នាក់មានឋានន្តរសក្តិវរសេនីយ៍ទោ ដូចក្នុងរូបភាពខាងក្រោមនេះ មានឈ្មោះ ស៊ុន ស៊ីន ដែលរងការចោទប្រកាន់បានបោកប្រាស់លុយកាក់ប្រជាពលរដ្ឋ ផ្សព្វផ្សាយតាមបណ្តាញសង្គម។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមបញ្ជាក់ថា ស្រ្តីនគរបាលនេះ គឺមិនមែនកូនចៅ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធនីភ្នំពេញនោះទេ ដោយស្រ្តីនគរបាលរូបនេះ ក៏មិនបម្រើការងារក្នុងអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះឡើយ។

ឯកឧត្តមស្នងការក៏បានបញ្ជាឲ្យសមត្ថកិច្ចជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ធ្វើការស្រាវជ្រាវជាបន្ទាន់លើករណីនេះ និងឃាត់ខ្លួនស្រ្តីរូបនោះ យកមកសាកសួរតាមនីតិវិធី។ ជាមួយគ្នានោះឯកឧត្តមស្នងការ ក៏បានអំពាវនាវជនរងគ្រោះក្នុងករណីបោកប្រាស់លុយកាក់ សូមមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រឺនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីអនុវត្តតាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: